រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៣០
រតនគិរី ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋបាលខេត្តរតនគីរី បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី៣០ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តអាគារA ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និងមានវត្តមានឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ។
កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម
១. បើកកិច្ចប្រជុំ
២. ពិនិត្យកូរ៉ុម
៣. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ លើកទី២៩ របស់ក្រុមប្រឹក្សាខេត្ត
៤. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ ប្រចាំខែធ្នូ របស់រដ្ឋបាលខេត្ត
៥. ពិនិត្យ ពិភាក្សា និងអនុម័ត កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលខេត្ត
៦. ផ្សេងៗ
៧. បូកសរុបលទ្ធផល និងបិទអង្គប្រជុំ។
ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងការចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត បានល្អប្រសើរ ការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនូវជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានអនុវត្តការងារសម្រេចជោគជ័យទៅតាមទិសដៅផែនការ ដែលរដ្ឋបាលខេត្តបានដាក់ចេញ តាមខែនីមួយៗ ជាពិសេសខែវិច្ឆិកាដែលទើបកន្លងផុតថ្មីៗនេះ។ ជាមួយគ្នានេះឯកឧត្តមប្រធានបានស្នើដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ត្រូវបន្តអនុវត្តឲ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបន្តអនុវត្តការងាររបស់ខ្លួនឲ្យសម្រេចទទួលបានជោគជ័យថ្មីៗបន្ថែមទៀតស្របតាមផែនការដែលបានដាក់ចេញ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ការសម្រេចជោគជ័យនូវផែនការអភិវឌ្ឍន៍ខេត្ត គឺដោយសារមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានការសហការយ៉ាងស្វិតស្វាញពីសំណាក់អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដែលទាំងនេះជាការសាមគ្គីភាពគ្នារវាងថ្នាក់ដឹកនាំខេត្ត ជាមួយមន្ត្រីនិងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមការដឹកនាំរបស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ សូមបន្តខិតខំប្រឹងប្រែងចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕ ដោយ គតិ យុត្ត




