ឈ្នះមេដាយប្រាក់លើកដំបូង ការប្រកួតកីឡាជនពិការយុវជនអាស៊ី ជំរុញលើកទឹកចិត្ត ឲ្យយ៉ា ថុល រ៉ាដែត ចញ្ចឹមចិត្តចង់ដណ្តើមមេដាយជូនកម្ពុជាបន្តទៀត
កីឡាករជនពិការកម្ពុជាវ័យ១៩ ថុល រ៉ាដែត និងលោក យី សុភ័ក្រ្តា ប្រតិភូ បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ នាល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាមួយនឹងមេដាយប្រាក់១គ្រឿងជូនកម្ពុជាពីព្រឹត្តិការណ៍ប្រកួតកីឡាជនពិការយុវជនអាស៊ីអាស៊ី នៅប្រទេសប៉ារ៉ែន ដោយទទួលស្វាគមន៍ពីឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
លោក យី សុភ័ក្រ្តា បានបញ្ជាក់ថា ការប្រកួតកីឡាជនពិការយុវជអាស៊ីអាស៊ី ដំណើរការប្រកួតចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៦ខែ ធ្នូ ឆ្នាំ២០២១ ដោយមានប្រទេសក្នុងតំបន់អាស៊ីចូលរួមជាង៤៥ប្រទេស ក្នុងនោះកម្ពុជាបានបញ្ជូនកីឡាករជនពិការមួយរូប និងគ្រូបង្វឹកមួយរូប ប្រកួតប្រជែងលើ៣វិញ្ញាសា គឺ ២០០ម៉ែត្រ ៤០០ម៉ែត្រ និង១៥០០ម៉ែត្រ ជាលទ្ធផល កីឡាករ ថុល រ៉ាដែត ប្រជែងដណ្តើមបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ។
យ៉ា ថុល រ៉ាដែត បញ្ជាក់ថា ការដណ្តើមបានមេដាយប្រាក់លើកដំបូង មកជូនកម្ពុជា បានជម្រុញលើកទឹកចិត្តអោយខ្លួនកាន់តែខិតខំហ្វឹកហាត់បង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីអភិវឌ្ឍឈានទៅដណ្តើមឲ្យបានមេដាយមាស ពីការប្រកួតកម្រិតអន្តរជាតិនៅពេលខាងមុខមកជូនកម្ពុជា។
លោក ស្រី ស៊ំ វណ្ណារី ដែលជាម្តាយ យ៉ា ថុល រ៉ាដែត បានបង្ហាញអារម្មណ៍រីករាយ និងរំភើបខ្លាំងចំពោះការខិតខំរបស់កូនប្រុសពិការដែលប្រជែងដណ្តើមបានមេដាយប្រាក់ជូនកម្ពុជា។ លោក ស្រី បានប្រកាសជំហរថា នឹងជម្រុញលើកទឹកឲ្យកូនប្រុសខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីឲ្យសមត្ថភានកាន់តែអភិវឌ្ឍឈានទៅដណ្តើមបានមេដាយមកជូនកម្ពុជាពីព្រឹត្តិការណ៍ប្រកួតអន្តរជាតិធំៗ ។
ជុំវិញជ័យជំនះ យ៉ា ថុល រ៉ាដែត ឈ្នះបានមេដាយប្រាក់ ឯកឧត្តម យី វាសនា បានមានប្រសាសន៍ថា ការឈ្នះបានមេដាយលើកដំបូងរបស់យុវជន ថុល រ៉ាដែត ពីការប្រកួតកីឡាជនពិការយុវជនអាស៊ីនេះ សរបញ្ជាក់ពីសំដីថ្នាក់ដឹកនាំប្រទេសកម្ពុជា ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សម្តេចតេជោ ហ៊ុន សែនថា ខ្មែរអាចធ្វើបាន ។
ដូច្នោះជ័យជំនះនេះជាសក្ខីភាពមួយបញ្ជាក់បានថា អត្តពលិកកម្ពុជាមានសមត្ថភាព ដោយចូលរួមលើកទី១ប្រជែងដណ្តើមបានមេដាយប្រាក់មកជូនកម្ពុជា ដោយទទួលបានការកោតសរសើរពីបណ្តាប្រទេសនៅលើពិភពលោក។ ឯកឧត្តម លើកឡើងទៀតថា យើងបញ្ជូនទៅ១យើងឈ្នះបានមេដាយមួយចុះបើបញ្ជូនទៅច្រើននាក់ និងឈ្នះបានមេដាយជូនប្រទេសយ៉ាងច្រើន។
សូមបញ្ជាក់ថា ការប្រកួតកីឡាជនពិការយុវជនអាស៊ី មានជាង៤០ប្រទេសក្នុងតំបន់អាស៊ីចូលរួម ក្នុងនោះកម្ពុជាបញ្ជូនអត្តពលិក១រូប ប្រតិភូដឹកនាំ១រូប ដោយប្រកួតប្រជែងលើ៣វិញ្ញាសា ហើយវិញ្ញាសាដែលដណ្តើមបានមេដាយប្រាក់ គឺវិញ្ញាសារត់ចម្ងាច១៥០០ម៉ែត្រ ដែលមានប្រទេសកម្ពុជា ឥណ្ឌា អឺរ៉ាក់ និងប្រទេសអឺរ៉ង់៕




