ប្រមុខ UN យល់ព្រមទទួលយកការអញ្ជើញចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើកឡើងថា លោកអគ្គលេខាធិការនឹងអញ្ជើញទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ឆ្នាំ ២០២២ ។
អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មានថា លោកអគ្គលេខាធិការបានទទួលការអញ្ជើញពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិឱ្យចូលរួម ក្នុងការបើកព្រឹត្តិការណ៍កីឡារដូវរងានៅទីក្រុងប៉េកាំង ហើយលោក Guterres ក៏បានទទួលយកវាផងដែរ។ ដោយឡែក ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បាននិយាយថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង មិនគួរត្រូវបានប្រើប្រាស់ដើម្បីបង្កើនភាពតានតឹងជាសកលនោះទេ ហើយការចូលរួមរបស់អត្តពលិក គឺជាបញ្ហានៃការយល់ស្របទូទាំងពិភពលោក។ លោក Bach បានសម្តែងការព្រួយបារម្ភអំពីការចូលរួមរបស់អត្តពលិក បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា មន្ត្រីរដ្ឋាភិបាលរបស់ខ្លួននឹងមិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនេះនៅទីក្រុងប៉េកាំង ឆ្នាំ ២០២២ ក្រោមលេសបញ្ហាសិទ្ធិមនុស្ស។
នៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ IOC ចុងក្រោយនេះ លោកបានស្វាគមន៍ចំពោះការគាំទ្រសម្រាប់ក្រុមកីឡាអូឡាំពិក ដើម្បីធានាដល់អត្តពលិកឡើងវិញ។ លោក Bach បន្ថែមថា វត្តមានរបស់មន្ត្រីរដ្ឋាភិបាល គឺជាការសម្រេចចិត្តខាងនយោបាយ។ អព្យាក្រឹតនយោបាយត្រូវបានអនុវត្ត ហើយ IOC នឹងមិនឈរនៅតែម្ខាងទេ៕ ប្រភព៖ CGTN



