បង្ក្រាបចោរឆក់កាបូបម្នាក់ភ្លាមៗ នៅខណ្ឌឫស្សីកែវ
ភ្នំពេញ៖ កម្លាំងប៉ុស្ដិ៍ឫស្សីកែវ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដេញតាមបង្ក្រាបឃាត់ខ្លួនបានភ្លាមៗ លើមុខសញ្ញាចោរម្នាក់ បន្ទាប់ពីរូបគេជិះម៉ូតូទៅធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេច ពីជនរងគ្រោះជាស្ត្រីម្នាក់ ដែលកំពុងជិះម៉ូតូដឹកកូនតាមដងផ្លូវ។

ករណីតាមបង្ក្រាបចោរឆក់កាបូបស្ពាយម្នាក់ ដែលស្ថិតក្រោមការបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្រុមទី១៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាវេលាម៉ោង១២៖០០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ។

តាមការឆ្លើយសារភាពរបស់ជនសង្ស័យ និងការបំភ្លឺបន្ថែមពីជនរងគ្រោះនៅជំហ៊ានដំបូង, មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវបញ្ជាក់ថា ជនរងគ្រោះជិះមូតូដឹកកូនស្រី អាយុប្រហែល៥ឆ្នាំ មកពីស្រុកកណើត ឯខេត្តព្រៃវែង ក្នុងគោលបំណងសំដៅទៅផ្ទះជួល ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវបញ្ជាក់ទៀតថា បើតាមជនរងគ្រោះ ពេលកំពុងធ្វើដំណើរសុខៗ មកដល់ចំណុចកើតហេតុ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្រាប់តែលេខមុខជនសង្ស័យ ជិះម៉ូតូ០១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ មកពីខាងក្រោយ និងអែបពីខាងស្តាំ (ម៉ូតូជនរងគ្រោះ) រួចយកដៃឆ្វេងធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីជនរងគ្រោះ បណ្តាលឲ្យទាក់ដៃចង្កូតគ្នាដួល។ បន្ទាប់ពីដួលម៉ូតូភ្លាមៗ ជនសង្ស័យប្រឹងរត់គេចខ្លួន ធ្វើឲ្យជនរងគ្រោះជាស្ត្រី ស្រែកខ្លាំងៗថាចោរៗដើម្បីឲ្យគេជួយ ស្របពេលកម្លាំងល្បាតរបស់សមត្ថកិច្ចឈរជើងការពារពួនស្ទាក់នៅក្បែរនោះ ចេញមកជួយអន្តរាគមន៍តាមចាប់ជនសង្ស័យបានតែម្ដង។
មន្ត្រីដដែលនេះថា ជនសង្ស័យដែលបង្ក្រាបបានក្នុងសកម្មភាពឆក់កាបូបស្ពាយ ពីជនរងគ្រោះជាស្ត្រីម្នាក់ ដែលកំពុងជិះម៉ូតូដឹកកូនតាមដងផ្លូវនេះឈ្មោះ នូ ដារ៉ា ហៅទី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានីលំនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងម៉ូតូ១គ្រឿងជិះធ្វើសកម្មភាពឆក់កាបូបនេះ កំពុងស្ថិតក្រោមការសាកសួរតាមជុំនាញរបស់ប៉ុស្ដិ៍ឫស្សីកែវ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕ធ.ដ
ដោយ ហាស់ កំសាន្ដ