បង្ក្រាបចោរលួចម៉ូតូ ប្រើប្រាស់ រក្សាទុក និងជួញដូរគ្រឿងញៀនចំនួន៧នាក់ នៅខណ្ឌឫស្សីកែវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យចំនួន៧នាក់ (ស្រីម្នាក់) ពាក់ព័ន្ធលួចម៉ូតូ ប្រើប្រាស់ រក្សាទុក និងជួញដូរគ្រឿងញៀន ៣ករណីផ្សេងគ្នា ដែលតាមបង្ក្រាបដោយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ ប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទួលសងែ្កទី១ និងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ស្វាយប៉ាក ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ តាមបទបញ្ជាលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដែលទើបឡើងកាន់តំណែងថ្មីៗ ពេលនេះកំពុងស្ថិតក្រោមការឃុំខ្លួន ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

ប្រតិបត្តិការតាមបង្ក្រាបជនសង្ស័យទាំង៧នាក់ ពាក់ព័ន្ធបទល្មើស៣ផ្សេងគ្នា ខាងលើនេះ អនុវត្តឡើងក្នុង៣គោលដៅ ដោយទី១៖ ស្ថិតនៅចំណុចដីឡូត៍គ្មានលេខមួយកន្លែង ក្នុងភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២៖ ស្ថិតនៅសំណង់មិនរៀបរយ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ និងទី៣៖ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ តាំងពីរសៀលរហូតដល់យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

បើតាមការបញ្ជាក់របស់មន្ត្រី នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ពាក់ព័ន្ធការបង្ក្រាបនេះ ករណីទី១ គឺជាបទល្មើសលួចម៉ូតូ ក្រៅពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គីម សុធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងមានសារធាតុញៀន គឺដកហូតបានវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហមលាយស សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ PP 1CM-0491 ដើម្បីប្រគល់ជូនជនរងគ្រោះវិញឈ្មោះ សុខ ឡេង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបោកអ៊ុត យីហោ យ៉ាយ៉ា។

ករណីទី២ ជាបទល្មើសជួញដូរគ្រឿងញៀន ក្រៅពីតាមបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី២នាក់ឈ្មោះ កុយសារ៉ាត់ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ម៉េត សារី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ គឺសមត្ថកិច្ចដកហូតបានក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន ចំនួន០៥កញ្ចប់ថង់តូច។

មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដដែលបញ្ជាក់ទៀតថា ករណីទី៣ ជាបទល្មើសរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ក្រៅពីឃាត់ខ្លួនជនសង្ស័យប្រុសៗ ចំនួន៤នាក់ មានឈ្មោះ សេត កាំរី័, ឈ្មោះ ជួប ចិត្រា, ឈ្មោះ សែត គឹមសេង, និងឈ្មោះ ណូន ធារ៉ា ដែលមានមុខរបរមិនពិតប្រាកដ គឺសមត្ថកិច្ចដកហូតបានក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន១កញ្ចប់ថង់តូច។

យ៉ាងណាក៏ដោយ ទាំងវត្ថុតាងពាក់ព័ន្ធសកម្មភាពលួចម៉ូតូ ប្រើប្រាស់ រក្សាទុក និងជួញដូរគ្រឿងញៀន ក្នុង៣ករណីផ្សេងៗគ្នា ជាមួយជនសង្ស័យចំនួន៧នាក់ (ស្រីម្នាក់) ពេលនេះកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ធ.ដ

ដោយ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner