ក្រុមការងាររបស់ឯកឧត្តម ស សុខា ចុះសាងសង់ផ្ទះ១ខ្នងជូនលោកតា អ៊ុច ហ៊េល ជាជនចាស់ជរា មានការលំបាក និងចែកជូនអំណោយដល់ប្រជាពលរដ្ឋ៣២គ្រួសារ នៅឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង
ខេត្តព្រៃវែង៖ ឯកឧត្តម ស សុខា រដ្ឋលេខធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ស សុខា បានចាត់ឱ្យក្រុមការងារ ចុះធ្វើផ្ទះ១ខ្នងជូនលោកតា អ៊ុច ហ៊េល ជាជនចាស់ជរា មានការលំបាក ។ ផ្ទះ១ខ្នងនេះ មានទទឹងប្រវែង ៦ម៉ែត, បណ្ដោយប្រវែង៧ម៉ែត ស្ថិតនៅភូមិព្រៃមូល ឃុំព្រៃទទឹង ស្រុកមេសាង ខេត្ដព្រៃវែង ដែលគ្រោងចំណាយថវិកា៩លានរៀល ។

ដោយឡែកសម្រាប់ក្រុមគ្រួសារលោកតាមានចំនួន៤នាក់ និងមានចៅប្រុសពិការ១នាក់ ហើយមានការលំបាកផងនោះ ដូច្នេះ ក្រុមការងារបាននាំយកថវិកា ផ្តល់ជូនក្រុមគ្រួសារលោកតា លើការសាងសង់ផ្ទះ និងនាំយកអាវរងារចំនួន២០០អាវ និងសម្ភារៈ ផ្តល់ជូនប្រពលរដ្ឋ៣២គ្រួសារ ដែលរស់នៅភូមិព្រៃមូល ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ។

លោក សែម គន្ធា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខជូនបងប្អូនប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម ស សុខា រដ្ឋលេខធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ស សុខា ដែលលោកបានចាត់ឱ្យក្រុមការងារចុះមកសាងសង់ផ្ទះជូនបងប្អូនប្រជាពលរដ្ឋ និងចែកជូននូវអំណោយមួយចំនួននៅពេលនេះ ។

ជាមួយគ្នានេះដែរ លោក សែម គន្ធា និងក្រុមការងារ បានងំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ណែរនាំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ហើយជាពិសេស សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ លោក សែម គន្ធា បានបញ្ជាក់ថា ក្រៅពីការសាងសង់ផ្ទះ ក៏មានសំភារៈមួយចំនួនទៀត ដូចជា៖ រទេះ ១ គ្រឿង, សាប៊ូកក់សក់, ជ្រាសដុសធ្មេញ, ដបទឹក, បំពង់ទឹកក្តៅ, ទឹកស៊ីអុីវ, ទឹកត្រី, និងអាវរងា ក្រុមការងារក៏បានធ្វើការចែកជូនដល់ក្រុមការងារ និងប្រជាជនមួយចំនួននៅក្នុងភូមិផងដែរ ៕ធ.ដ







