កម្ពុជាបានតំឡើងប្រាក់ឈ្នួលដល់កម្មករ ខណៈប្រទេសក្នុងតំបន់ពន្យារពេលនិងខ្លះមិនបានតំឡើង
រាជធានីភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា កម្ពុជាបានបន្តតំឡើងប្រាក់ឈ្នួលអប្បបរមា២ឆ្នាំជាប់គ្នានៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងជាមួយកម្ពុជាបានពន្យារពេល ឬមិនបានផ្តល់ឱកាសឱ្យមានការជជែកចរចាប្រាក់ឈ្នួលអប្បបរមានោះឡើយ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។
ថ្លែងក្នុងពិធីងបើក “សិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១” របស់អង្គការអន្តរជាតិខាងការងារ ILO តាមប្រព័ន្ធអនឡាញ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងការងារ អ៊ិត សំហេង បានលើកឡើងថាចំពោះការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតកន្លងមក បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានា និងរក្សាស្ថិតភាពជីវភាពរបស់កម្មករនិយោជិត ដោយឈរលើអភិក្រមនៃការវាយតម្លៃ តុល្យភាពរវាងផលប៉ះពាល់ជាអវិជ្ជមាន ដល់សង្គម-សេដ្ឋកិច្ច និងការងារ ទៅនឹងនិរន្តរភាពនៃរោងចក្រ សហគ្រាស និងការការពារប្រាក់ចំណូលរបស់កម្មករនិយោជិត និងគ្រួសារ ដែលស្របតាមអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ ILO។
ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងការងារ បានបញ្ជាក់ដែរថាសិក្ខាសាលានេះ គឺជាសង្ខីភាពថ្មីមួយបន្ថែមទៀតក្នុងវិស័យការងារ ដែលឆ្លុះបញ្ជាំងពីសារៈសំខាន់របស់ស្ថាប័នក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិត និងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។ លើសពីនេះ ក្រសួងនឹងបន្តខិតខំបន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារ ការពង្រឹងពង្រីកយន្តការនិងសមត្ថភាពស្ថាប័ន និងបង្កើនកិច្ចសហការជាមួយដៃគូរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យប្រាក់ឈ្នួលអប្បបរមាកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសង្ឃឹមជឿជាក់ថា សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលតំណាងឱ្យភាគីរាជរដ្ឋាភីបាល តំណាងឱភាគីនិយោជក និង តំណាងឱ្យភាគីកម្មករនិយោជោត នឹងទទួលបាននូវចំណេះដឹង ពត៌មាន និងបទពិសោធន៍ល្អៗពីការវិវឌ្ឍន៍នៃការអនុវត្តប្រព័ន្ធប្រាក់ឈ្នួល ប្រាក់ឈ្នួលអប្បបរមា ពីបណ្តាប្រទេសផ្សេងៗ ដើម្បីជាមូលដ្ឋានបន្ថែមទៀតក្នុងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត៕ដោយ៖ម៉ាដេប៉ូ




