លោក វ៉្លាឌីមៀ ពូទីន ចង់ជួបឆាប់ៗនេះជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ ដើម្បីពិភាក្សាគ្នាពីសន្តិសុខរុស្ស៊ី
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បញ្ជាក់ថា លោកចង់ឱ្យមានកិច្ចពិភាក្សា “ភ្លាមៗ” ជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ ជុំវិញការធានាសន្តិសុខ ខណៈដែលភាពតានតឹងកើនឡើងរវាងទីក្រុងមូស្គូ និងលោកខាងលិចពាក់ព័ន្ធនឹងអ៊ុយក្រែន។
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីហ្វាំងឡង់លោក ហ្សូលី នីអ៊ីននីស្តូ លោក ពូទីន បាននិយាយថា លោកចង់ឱ្យមានកិច្ចពិភាក្សាសន្តិសុខចាប់ផ្តើមដោយគ្មានការពន្យារពេលតទៅទៀត។ វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ពូទីន បានប្រាប់លោក នីអ៊ីននីស្តូ ថា រុស្ស៊ីចង់ចាប់ផ្តើមការចរចាជាបន្ទាន់ជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ ដើម្បីបង្កើតការធានាផ្នែកច្បាប់អន្តរជាតិសម្រាប់សន្តិសុខប្រទេសរបស់យើង។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ ការទាមទាររបស់រុស្ស៊ី ក្នុងនោះមានទាំងការបញ្ឈប់អង្គការណាតូ ពីការបង្កើនកងកម្លាំងទៅកាន់ភាគខាងកើត និងការបញ្ឈប់ការដាក់ពង្រាយគ្រឿងសព្វាវុធនៅក្នុងរដ្ឋជិតខាងរុស្ស៊ី រួមទាំងអ៊ុយក្រែនផងដែរ។
ការអត្ថាធិប្បាយបែបនេះរបស់លោក ពូទីន បានកើតឡើងមួយថ្ងៃបន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ រីយ៉ាបកូវ បានព្រមានថា ទីក្រុងមូស្គូអាចនឹងធ្វើសកម្មភាពយោធា ប្រសិនបើការចរចាដែលខ្លួនទាមទារមិនបានសម្រេច។ លោក រីយ៉ាបកូវ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ណូវ៉ូស្ទី ថា ការខ្វះខាតវឌ្ឍនភាពឆ្ពោះទៅរកដំណោះស្រាយផ្នែកនយោបាយ និងការទូតចំពោះបញ្ហានេះ នឹងនាំឱ្យយើងឆ្លើយតបដោយកម្លាំងយោធា៕ ប្រភព៖ ស៊ីនហួរ


