រដ្ឋមន្រ្តីការបរទេសថៃនឹងអញ្ជើញមកកម្ពុជា និងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១១ JC រវាងកម្ពុជា និងថៃ

ភ្នំពេញ ៖ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើជាសហប្រធានជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ ពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើជាសហប្រធានជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ ពីថ្ងៃទី១៦ ដល់១៨ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អំពីចំណងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន ក៏ដូចជាតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២ ផងដែរ។

ចំពោះកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ក្រោមមូលបទ «សន្តិភាព វិបុលភាព ស្តារឡើងវិញទាំងអស់គ្នា» ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ និងពិភាក្សាលើទិដ្ឋភាពនានា នៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីវិបតិ្តកូវីដ-១៩។

ក្រោយពេលបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលជានិមិត្តរូបនូវឧបករណ៍សម្រាប់ធ្វើតេស្ត RT-PCR និង SARS-CoV-2 ពីរាជរដ្ឋាភិបាលថៃ ប្រគល់ជូនមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យមង្គលបូរី នៃខេត្តបន្ទាយមានជ័យ និងបិទបញ្ចប់កម្មវិធីដោយការធ្វើសន្និសីទសារព័ត៌មានរួមគ្នា៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner