មន្ត្រីពន្ធនាគារថៃ ៤រូប ត្រូវបញ្ឈប់ពីការងារ ក្រោយទារប្រាក់ និងបំពានលើរាងកាយអ្នកទោស
នាយកដ្ឋានពន្ធនាគាររបស់ប្រទេសថៃ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះថា ក្រុមប្រឹក្សាវិន័យ បានបណ្តេញមន្ត្រីអនុរក្ស ចំនួន ០៤នាក់ ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្ត “ល្មើសវិន័យធ្ងន់ធ្ងរ” ប្រឆាំងនឹងអ្នកទោស នៅក្នុងពន្ធនាគារ និងសាច់ញាតិរបស់ពួកគេ ។
អគ្គនាយក នៃនាយកដ្ឋានពន្ធនាគារថៃ លោក Ayut Sinthopphan បាននិយាយថា មន្ត្រីម្នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយចោទប្រកាន់ថា បានជំរិតទារប្រាក់ពីគ្រួសារអ្នកទោស ជាថ្នូរនឹងការទទួលបានការព្យាបាលពិសេសដល់អ្នកទោស ។
លោក Ayut Sinthopphan បន្តថា ក្នុងករណីដាច់ដោយឡែក មន្ត្រីពន្ធនាគារ ០៣នាក់ផ្សេងទៀត ត្រូវបានបណ្ដេញចេញ ពីបទបំពានលើរាងកាយអ្នកទោស ដែលបណ្ដាលឲ្យអ្នកទោសរងរបួសធ្ងន់ធ្ងរ និងស្លាប់ ។
លោកអគ្គនាយកពន្ធនាគារថៃ បានបន្ថែមថា នាយកដ្ឋាន ប្តេជ្ញាធ្វើការគ្រប់គ្រងពន្ធនាគារ ប្រកបដោយតម្លាភាព ដោយមន្ត្រីទាំងអស់ ត្រូវអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ យ៉ាងតឹងរ៉ឹង ។
លោកអគ្គនាយក បាននិយាយទៀតថា “ការបណ្ដេញចេញពីការងារនេះ ដើម្បីបញ្ចប់មន្ត្រីខិលខូច នឹងធ្វើជាគំរូសម្រាប់មន្ត្រីពន្ធនាគារផ្សេងទៀត ដែលគ្មានមន្ត្រីណាម្នាក់ នៅពីលើច្បាប់បានឡើយ” ។
លោកក៏បានបញ្ជាក់ដែរថា ៖ មន្ត្រីអនុរក្ស ដែលត្រូវបានគេសង្ស័យថា បានប្រព្រឹត្តល្មើសនឹងវិន័យ នឹងត្រូវដកចេញពីមុខតំណែងជាបន្ទាន់ បន្ទាប់មកត្រូវផ្ដន្ទាទោស ឫមានវិធានការផ្លូវច្បាប់ ៕

