កិច្ចប្រជុំទ្វេភាគីរវាង ធនាគារជាតិនៃកម្ពុជា ជាមួយធនាគារកណ្តាលឡាវ

ភ្នំពេញ៖ នៅឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជា បានចែករំលែកបទពិសោធន៍ និងចំណេះដឹង ទៅកាន់ភាគីធ
នាគារកណ្តាលឡាវ លើប្រធានបទជាច្រើន រួមមាន៖ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ ការគ្រប់គ្រងសន្ទនីយភាព ការអភិវឌ្ឍប្រព័ន្ធបាគង ការត្រួតពិនិត្យធនាគារ ដោយផ្អែកលើហានិភ័យ និងប្រព័ន្ធគ្រប់គ្រងគណនី។

នេះជាប្រសាសន៏លើកឡើង របស់ឯកឧត្តម Sonexay SITPHAXAY ទេសាភិបាល ធនាគារកណ្តាលឡាវ
នៅក្នុងកិច្ចប្រជុំទ្វេភាគី រវាងធនាគារជាតិនៃកម្ពុជា ជាមួយធនាគារកណ្តាលឡាវ ក្រោមអធិបតីយភាពរបស់ ឯក-ឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមទេសាភិបាល ធនាគារកណ្តាលឡាវ បានថ្លែងនូវសរសើរ ពីជោគជ័យរបស់កម្ពុជា ដែលសម្រេចបាននៅការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស បានជួយការពារសុខភាពប្រជាជន និងជំរុញសកម្មភាពសេដ្ឋកិច្ច។ ទន្ទឹមនេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ចំពោះវិធានការដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញប្រកបដោយប្រសិទ្ធភាព ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ និងសម្រេចបានសមិទ្ធផលល្អ ក្នុងការរក្សាបានវឌ្ឍនភាព និងស្ថិរភាពប្រព័ន្ធធនាគារ ព្រមទាំងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Sonexay SITPHAXAY ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំទ្វេភាគីដោយផ្ទាល់ និងតែងតែបានគាំទ្រ កិច្ចសហប្រតិបត្តិទ្វេភាគី រវាងធនាគារកណ្តាលទាំងពីរ។ ឯកឧត្តមក៏បានលើកឡើងថា វត្តមានរបស់គ្រឹះស្ថានធនាគារកម្ពុជា ដែលកំពុងធ្វើប្រតិបត្តិការនៅប្រទេសឡាវ ពិតជាបានរួមចំណែកពង្រឹងការវិនិយោគ រវាងប្រទេសទាំងពីរ ហើយបច្ចុប្បន្ននេះ ធនាគារពាណិជ្ជរបស់កម្ពុជា ចំនួនពីរ កំពុងធ្វើប្រតិបត្តិការនៅប្រទេសឡាវ ហើយធនាគារពាណិជ្ជឡាវ ចំនួនមួយ មានវត្តមាននៅកម្ពុជាផងដែរ។

គណៈប្រតិភូ នៃធនាគារកណ្តាលទាំងពីរ បានផ្លាស់ប្តូរយោបល់ ក្រោមបរិយាកាសប្រកបដោយមិត្តភាពនិងសាមគ្គីភាព និងបានកំណត់ការងារ ដែលនឹងត្រូវបង្កើនកិច្ចសហប្រតិបត្តិការ នៅឆ្នាំបន្តបន្ទាប់ ក្នុងនោះរួមមាន ការអភិវឌ្ឍប្រព័ន្ធទូទាត់ និងនវានុវត្តន៍ ជាមួយនឹងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងព្រំដែន ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការត្រួតពិនិត្យ និងការបន្តចែករំលែកបទពិសោធន៍ របស់ធនាគារជាតិនៃកម្ពុជា លើការងារការអភិវឌ្ឍការបោះពុម្ពរូបិយវត្ថុជាតិជាដើម។

ក្នុងឱកាសខួបទី៥០ឆ្នាំ នៃការបង្កើតធនាគារកណ្តាលឡាវ តាងនាមរដ្ឋាភិបាលឡាវ និងធនាគារកណ្តាល ឡាវ ឯកឧត្តម Sonexay SITPHAXAY បានបំពាក់មេដាយកិត្តិយស នៃចំណងមិត្តភាព ជូនដល់ធនាគារជាតិនៃកម្ពុជា ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការល្អ៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner