សម្តេចតេជោ ហ៊ុន សែន៖ ជំនួយរបស់ចិនមិនមែនគ្រាន់តែត្រឹមមានន័យលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ វាក៏បានជួយទៅដល់ការពង្រឹងនូវឯករាជ្យ អធិបតេយ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន មិនមែនគ្រាន់តែត្រឹមមានន័យលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប៉ុណ្ណោះទេ ក៏ប៉ុន្តែជំនួយនេះវាក៏បានជួយទៅដល់ការពង្រឹងនូវឯករាជ្យ អធិបតេយ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។ សម្តេចសង្ឃឹមថា មិនមានសម្ពាធណាផ្សេងទៀតដែលតម្រង់ឆ្ពោះមកដាក់ទណ្ឌកម្មលើកម្ពុជាដែលគ្រាន់តែកម្ពុជាមានសេរីភាពនៅក្នុងការធ្វើទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិននោះទេ។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតតេជោ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ វិមានកីឡដ្ឋាន គឺជាសំណង់ប្រវត្តិសាស្ត្រមួយទៀតសម្រាប់កម្ពុជា និងជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ពិតណាស់ហើយថ្ងៃនេះ អ្នកខ្លះអាចនឹងលើកឡើងថា វាជាការផ្គើនជាមួយនឹងងបទបញ្ជាពីខាងក្រៅដែលហាមឃាត់ការទាក់ទងរវាងកម្ពុជាជាមួយចិន ដែលយើងធ្វើពិធីដ៏អធឹកអធមមួយបើទោះបីក្រោមសម្ពាធនៃកូវីដ-១៩ ក៏ដោយ។ ពិតមែនហើយប្រសិនបើពុំមានកូវីដ-១៩ បំផ្លាញយើងទេ ថ្ងៃនេះខ្ញុំនឹងធ្វើសម្ពោធនៅទីនេះឱ្យមានមនុស្សលើសពី៦ម៉ឺននាក់ ព្រោះស្តាតនេះបានដាក់ចំណុះទៅដល់៦ម៉ឺននាក់ ប៉ុន្តែថ្ងៃនេះយើងជួបជុំគ្នាក្រោមមនុស្ស២ម៉ឺននាក់តែប៉ុណ្ណោះ ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នកចូលរួម ក៏ដូចជាសម្រាប់វិធនាការផ្នែកសុខាភិបាលផងដែរ”។
គួរបញ្ជាក់ថា វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណង់សម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា៕
ដោយៈពលជ័យ





