ឯកសារចំនួន ០៧ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ០៧ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ៍ ទី២១ ខែធ្នូ ឆ្នាំ២០២១ ដែលក្នុងនោះ រួមមាន៖
1/ ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ។
2/ ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម ដែលចុះហត្ថលេខាដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
3/ កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
4/ កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម ដែលចុះហត្ថលេខាដោយឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន មិញវុ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងជាប្រធានគណៈកម្មការ ព្រំដែនរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
5/ អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥ ដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចកកម្ពុជា និងឯកឧត្តម ង្វៀន វ៉ាន់ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
6/ អនុស្សារណៈនៃការយោគយល់គ្នារវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលចុះហត្ថលេខាដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជិន គួកខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណ រដ្ឋសង្គមនិយមវៀតណាម។
7/ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម ដែលចុះហត្ថលេខាដោយឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន ខាញ់ង៉ុក អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ៕ ដោយ វណ្ណលុក








