របាយការណ៍៖ សហរដ្ឋអាមេរិក-អង់គ្លេសបញ្ជូនក្រុមជំនាញផ្នែកព័ត៌មានវិទ្យាទៅអ៊ុយក្រែន ខណៈព្រួយបារម្ភថា រុស្ស៊ីនឹងបើកវាយប្រហារតាមអ៊ីនធើណិត
វ៉ាស៊ីនតោន៖ កាសែត New York Times បានចុះផ្សាយថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានបញ្ជូនក្រុមជំនាញផ្នែកព័ត៌មានវិទ្យា (Cyberwarfare) ទៅកាន់ប្រទេសអ៊ុយក្រែន ជុំវិញការព្រួយបារម្ភអំពីសក្តានុពលរុស្ស៊ីដែលអាចនឹងបើកការវាយប្រហារតាមអ៊ីនធើណិត។
របាយការណ៍បានបញ្ជាក់ថា សហរដ្ឋអាមេរិក-អង់គ្លេសគិតថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប៉ុនប៉ងវាយប្រហារតាមអ៊ីនធើណិតនាពេលឆាប់ៗនេះ ដែលផ្តោតលើបណ្តាញអគ្គិសនី ប្រព័ន្ធធនាគារ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀតរបស់ប្រទេសអ៊ុយក្រែន។ របាយការណ៍ដដែលបន្តថា មន្ត្រីសហរដ្ឋអាមេរិកបានបដិសេធមិនពណ៌នាអំពីប្រភេទ នៃក្រុមអ៊ីនធើណិតដែលត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនឡើយ ខណៈដែលរដ្ឋាភិបាលអង់គ្លេសបានពណ៌នាការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែនថា ជាការការពារសម្ពន្ធមិត្ត។ របាយការណ៍ដដែលបានបញ្ជាក់បន្ថែមដោយលើកឡើងពីការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកថា លោក ពូទីន អាចនឹងកំពុងព្យាយាមធ្វើឲ្យប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្ស៊េឡិនស្គី ស្ថិតក្រោមក្រសែភ្នែកមិនល្អ។ គួរបញ្ជាក់ថា ភាពតានតឹងជុំវិញអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើងក្នុងតំបន់ជាច្រើនសប្តាហ៍មកនេះ ដោយមានការចោទប្រកាន់ថា មានការប្រមូលផ្តុំទាហានរុស្ស៊ីរាប់ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែន និងការអះអាងពីការត្រៀមខ្លួនសម្រាប់ការឈ្លានពាន។
ជាការឆ្លើយតប រុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់ទាំងនោះ ដោយចង្អុលទៅលើសកម្មភាពយោធារបស់អង្គការណាតូនៅជិតព្រំដែនប្រទេសរបស់ខ្លួន ដែលទីក្រុងម៉ូស្គូចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ី។ បន្ថែមលើនេះ រុស្ស៊ីក៏បាននិយាយដែរថា ខ្លួនមានសិទ្ធិផ្លាស់ទីកងកម្លាំងក្នុងទឹកដីប្រទេសរបស់ខ្លួន៕ ប្រភព៖ Sputniknews



