ពិធីប្រគល់ ទទួលផ្ទះចំនួន ០២ខ្នង និងចែកអំណោយដល់ពលរដ្ឋចំនួន ៣៥០គ្រួសារ
សៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញជាគណ:អធិបតីក្នុងពិធីប្រគល់ ទទួលផ្ទះ ចំនួន ០២ខ្នង ដែលជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២គ្រួសារ និងចែកអំណោយដល់ពលរដ្ឋចំនួន ៣៥០គ្រួសារ ស្ថិតនៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ។
ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកមកចែកជូននាពេលនេះ គឺជាកាតព្វកិច្ច និងការយកចិត្តទុក្ខដាក់ខ្ពស់ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ នឹងជួបការលំបាកក្នុងវិបត្តិកូវីដ.១៩ កន្លងមក ។
ឯកឧត្តម បន្តថា បើទោះជាស្ថិតក្នុងដំណាក់កាលនៃផលប៉ះពាល់ដោយសារជំងឺកូវីដ ដ៏ធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋបាលខេត្ត ដែលមានការគាំទ្រពីរាជរដ្ឋាភិបាលបាននិងកំពុងជំរុញ យកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងឱ្យបានកាន់តែល្អប្រសើរថែមទៀត។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៨ខ្សែ និងកែលម្អមាត់ស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបនោះ គឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ខេត្តសៀមរាប ដែលមកដល់ពេលនេះ យើងសម្រេចបានស្ទើរតែ១០០% ទៅហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។
ដោយឡែកអំណោយកាកបាទក្រហមកម្ពុជា សម្រាប់ ៣៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកត្រី១យួរ អាយឺត២ ឃីតមួយកញ្ចប់ មានភួយ មុង សារុង ក្រមា អមដោយថវិកា ៤ម៉ឺនរៀល ៕ ដោយ ស៊ាន សុផាត