ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តបាត់ដំបង រួមជាមួយដៃគូផ្តល់មួកសុវត្ថិភាព បានអំពាវនាវនិងជម្រុញឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាពពេលបើកបរ និងជ្វើដំណើរនៅលើដងផ្លូវ (មានវីដេអូ)
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជំរុញអាជ្ញាធរខេត្តនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ នៅទូទាំងប្រទេស ត្រូវតែបង្កើនការចុះធ្វើការផ្សព្វផ្សាយអប់រំ និងពង្រឹងពីការគោរច្បាប់ចរាចរណ៍បន្ថែមទៀតដល់ប្រជាពលរដ្ឋ ទាំងនៅតាមដងផ្លូវសាធារណៈនិងនៅគ្រប់គ្រឹស្ថានសាលារៀន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន…។
ការថ្លែងជម្រុញបែបនេះក្នុងខណៈដែលលោកជំទាវ មីន មាណវី អញ្ជើញជាអធិបតី ក្នុងពិធីចែកមួកសុវត្ថិភាពចំនួន១.២៣៨មួក ដល់សិស្សបឋមសិក្សានិងលោកគ្រូ-អ្នកគ្រូ នៃ សាលាបឋមសិក្សាអន្លង់វិល ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបងដែលឧបត្ថម្ភដោយក្រុមហ៊ុនម៉ែនូឡាយហ្វ៍ (Manulife) កាលពីល្ងាច ថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៩ នេះ។
លោកជំទាវ មឹន មាណវី បានបន្ថែមថា ទោះបីមានការខិតខំពីរាជរដ្ឋាភិបាល ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និង ពីគ្រប់ដៃគូនានា ចុះធ្វើការផ្សព្វផ្សាយណែនាំ អប់រំ អំពីការបើកបរនិងការគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសក៏ដោយ។តែអត្រានៃគ្រោះថ្នាក់ចរាចរណ៍រយៈពេល១០ខែ ក្នុងឆ្នាំ២០១៩នេះ នៅតែបន្តកើតឡើងច្រើន។ ហើយអត្រាស្លាប់ និងរបួសធ្ងន់ស្រាល ក៏នៅតែបន្តកើនឡើងច្រើន ជាងឆ្នាំកន្លងទៅ។ ដោយឡែកនៅខេត្តបាត់ដំបង មានប្រជាពលរដ្ឋប្រមាណជាង៧០ នាក់បានស្លាប់ក្នុងចំណោមជិត២.០០០នាក់នៅទូទាំងប្រទេស។
លោក គឹម បញ្ញា នាយកអង្គការមូលនីធិបង្ការរបួស អាស៊ីប្រចាំនៅកម្ពុជា បានថ្លែងអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសិស្ស ត្រូវរំលឹកនិងជម្រុញឲ្យកូនៗពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ។ត្រូវអប់រំណែនាំនិងជម្រុញឲ្យកូនៗ គោរពប្រតិបត្តិនូវច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន (ដោយត្រូវពាក់មួកសុវត្ថិភាព) ហើយអ្វីដែលផ្តោតសំខាន់នោះ គឺ《កុមារ! មើលឃើញមាតាបិតាជាគំរូ និងជាអ្នកសម្រេចចិត្ត》។លោកនាយកអង្គការ
ក៏បានសំណូមពរដល់ក្រសួងអប់រំ និង បណ្តាគ្រឹះស្ថានសិក្សា ត្រូវកំណត់ឲ្យមានការ ពាក់មួកសុវត្ថិភាព ជាបទបញ្ញត្តិឬបទបញ្ជាផ្ទៃក្នុងសម្រាប់សិស្សពេលធ្វើដំណើរមកសាលារៀន និង ពេលចេញពីសាលាទៅផ្ទះ ហើយធ្វើដំណើរតាមម៉ូតូត្រូវតែពាក់មួកសុវត្ថិភាព។ ដោយឡែកលោកនាយកប្រតិបត្តិក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា Robert Elliott បានលើកឡើងថាចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៩ សាលារៀនគោលដៅដែលបានចូលរួមក្នុងកម្មវិធី ” មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ”បានបង្ហាញផលវិជ្ជមានរបស់កុមារ ដែកបានកើនឡើងពី ៣%
ទៅ៩៧% ក្រោយពអនុវត្តកម្មវិធី។ក្រុមហ៊ុននៅតែបន្តគាំទ្រដល់កម្មវិធីនេះ និងនៅតែបន្តលើកទឹកចិត្តដល់សិស្សានុសិស្ស ក៏ដូចជាឪពុកម្តាយរបស់ពួកគេឲ្យពាក់មួកសុវត្ថិភាព គ្រប់ពេលធ្វើដំណើរ ដើម្បីឲ្យចៀសផុតពីការរងរបួសក្បាល ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានថ្លែងថាក្នុងនាមអាជ្ញាធរនៃរដ្ឋបាលខេត្តនឹងជាប្រធានអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នៅតែបន្តនិងខិតខំផ្សព្វផ្សាយក្នុងការ អប់រំបន្ថែមដល់ប្រជាពលរដ្ឋ អំពីច្បាប់ចរាចរណ៍និងការគោរពច្បាប់ចរាចរណ៍ទៅកាន់ប្រជាពលរដ្ឋ ទាំងនៅតាមដងផ្លូវ តាមសាលារៀន និងនៅគ្រប់វេទិកានានា ដើម្បីបញ្ចៀបឲ្យមានការយល់ដឹង និងចូលរួម ជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ជាមួយគ្នានេះផងដែរឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសំណូមនិងក្រើនរំលឹកដល់ក្មួយៗកុមារតូចសិស្សានុសិស្ស ពេលចេញពីផ្ទះមកសាលា ត្រូវចេះរំលឹកឪពុកម្តាយនិងខ្លួនឯង ឲ្យពាក់មួកសុវត្ថិភាពមុននិងចាកចេញពីផ្ទះទៅសាលា ឬធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ ដោយមិនត្រូវធ្វេសប្រហែសឡើយ។ជាពិសេសទៀតនោះឪពុកម្តាយក៏ត្រូវធ្វើជាគំរូដល់កូនៗ មុននិងបើកបរម៉ូតូចាកចេញដំណើរពីផ្ទះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )