នាយកគ្រប់គ្រងប្រចាំប្រទេស Foodpanda ចូលជួបរដ្ឋមន្រ្តីក្រសួងការងារ ជម្រាបជូន ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារសម្រាប់យុវជន

ភ្នំពេញ៖ លោក Patrice Vignesនាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ(ខេមបូឌា) ឯ.ក (foodpanda) នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានចូលជួបឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា និងទីផ្សារការងារសម្រាប់យុវជន។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Foodpanda ដែលបានធ្វើការវិនិយោគបង្កើតសេវាបែបនេះនៅក្នុងប្រទេសកម្ពុជា។ ចំពោះការវិនិយោគនេះទៀតសោត ពិតជាបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ការផ្តល់ការងារដល់យុវជន និងជាការនាំមកនូវសេវាថ្មីមួយទៀតចូលមកកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា នៅក្នុងដំណាក់កាលកូវីដ-១៩ ក្រុមហ៊ុនបានផ្តល់ការផ្គត់ផ្គង់អាហារមកដល់ពលរដ្ឋកម្ពុជាបានយ៉ាងល្អ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានលើកឡើងពីការប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យរាំងស្ទះនូវការដំណើរ
ការអាជីវកម្មមួយចំនួនធំ ដោយក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់វិធានការ ចំនួន ១០ជុំ រួចមកហើយ ក្នុងនោះសម្រាប់វិស័យការងារ បានអនុវត្តវិធានការដោះស្រាយផលប៉ះពាល់ រួមមាន៖
ការអនុញ្ញាតឱ្យរោងចក្រ សហគ្រាស ដែលរងផលប៉ះពាល់ អាចព្យួរកិច្ចសន្យាការងារ, កម្មករនិយោជិតទទួលបានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់, និយោជកទទួលបានការអនុគ្រោះចំពោះកាតព្វកិច្ចមួយចំនួន, ការលើកលែងបង់ភាគទានជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ដើម្បីបង្ករភាពងាយស្រួលដល់វិស័យឯកជន ក្រសួងការងារ បានដាក់ឱ្យដំណើរការការផ្ដល់សេវាសាធារណៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយមិនចាំបាច់ចំណាយថ្លៃធ្វើដំណើរ ទទួលសេវាបានឆាប់រហ័ស កាត់បន្ថយការចំណាយ និងបង្ការហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ ព្រមទាំងជួយដល់ការគ្រប់គ្រងព័ត៌មាន និងទិន្នន័យកម្មករនិយោជិតសម្រាប់រោងចក្រ សហគ្រាស។ ជាមួយនេះ ក៏បានជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គម ដោយពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព, ការរៀបចំ និងដាក់ឱ្យដំណើរការរបបប្រាក់សោធន, និងការពង្រឹងការអនុវត្តរបបសន្តិសុខសង្គមលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទន្ទឹមនឹងនេះ ក៏កំពុងតែរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីការដំណើរការ និងគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ផងដែរ។

លោកនាយកគ្រប់គ្រងប្រចាំប្រទេស បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់មកលើកម្មករនិយោជិតក្នុងការចាក់វ៉ាក់សាំងជូនដល់ពួកគាត់ ជាពិសេសបុគ្គលិករបស់ foodpandaក៏ទទួលបានការចាក់វ៉ាក់សាំងពីខាងក្រសួងដែរ អំឡុងបើកយុទ្ធនាការដំបូង “ការចាក់វ៉ាក់សាំងជូន សហជីព និយោជក និងកម្មករនិយោជិត”។

លោកនាយកគ្រប់គ្រង លើកឡើងថា ក្រុមហ៊ុននឹងប្តេជ្ញាចិត្តធ្វើការវិនិយោគកាន់តែធំជាងនេះបន្ថែមទៀត ដោយមានផែនទីបង្ហាញផ្លូវបង្កើតជាប្រព័ន្ធស្តង់ដារមួយ ឲ្យមានការគាំទ្រពីអ្នកប្រើប្រាស់សេវានេះឲ្យកាន់តែច្រើនបន្ថែមទៀ។ Foodpanda ចាប់ផ្តើមសេវាដឹកជញ្ជូនគ្រឿងទេស និងដឹកជញ្ជូនម្ហូបអាហារទូទៅ ដោយមានបុគ្គលិក២៦០០នាក់ និងត្រូវការកម្លាំងពលកម្មបន្ថែមទៀតនាពេលខាងមុខ។

លោក Patrice Vignes បានឲ្យដឹងថា foodpanda គឺជាយីហោចែកចាយម្ហូបអាហារ និងគ្រឿងទេស តាម online របស់ក្រុមហ៊ុន Delivery Hero ដែលមានស្នាក់ការកណ្តាលនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ ដែលកំពុងប្រតិបត្តិការចំនួន ២០យីហោ នៅបណ្តាប្រទេសចំនួន ៥០ ទូទាំងពិភពលោក។ បច្ចុប្បន្ន មាននៅក្នុងប្រទេសចំនួន ១៤ នៃបណ្តាប្រទេសអាស៊ី, ប៊ុលហ្គារី, និងរូម៉ានី ។ foodpanda បានចូលទីផ្សារកម្ពុជា ឆ្នាំ២០១៩ និងចុះបញ្ជីពាណិជ្ជកម្ម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។ ប្រតិបត្តិការនៅកម្ពុជាក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំណត់ ដែលសកម្មភាពអាជីវកម្មចម្បងគឺជាផ្សារ online និងសេវាកម្មដឹកជញ្ជូន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ចង់ឲ្យខាង Foodpanda បង្កើតភាពជាដៃគូតាមរយៈការអភិវឌ្ឍធនធានមនុស្ស ដោយក្រសួងមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អាចបង្កើតជាមេរៀន បង្រៀនក្នុងរយៈពេលទាំងខ្លី និងមធ្យម។ និងឲ្យមានការបណ្តុះបណ្តាលជំនាញទន់ថែមទៀត ដើម្បីធ្វើការទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន ។ ឯកឧត្តម គូសបញ្ជាក់ថា យើងអាចធ្វើ
កិច្ចព្រមព្រៀងលើអនុស្សរណៈរួមគ្នា ថាតើក្រសួងអាចជួយអ្វីខ្លះទៅដល់ក្រុមហ៊ុនបាន នឹងក្លាយជាដៃគូសហការដ៏ជិតស្និតជាមួយគ្នានាពេលអនាគត។

លោកនាយគ្រប់គ្រង ពិតជារីករាយខ្លាំងណាស់ដែលបានធ្វើការជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលលើកិច្ចការ អាទិភាពមួយចំនួននេះ ដែលអាចនិយាយបានថាកិច្ចសហការនេះនឹងផ្តល់ផលប្រយោជន៍ដល់បុគ្គលិករបស់ក្រុមហ៊ុនផង និងភាពរីកចម្រើនរបស់ក្រុមហ៊ុនថែមទៀត និងពេញចិត្តចុះកិច្ចព្រមព្រៀងលើអនុស្សរណៈជាមួយក្រសួង ដើម្បីធានាបាននូវកិច្ចសហការដ៏យូរអង្វែង និងកាន់តែមានប្រសិទ្ធភាព៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner