សម្ដេចតេជោ ហ៊ុន សែន អនុញាតិឱ្យឧបនាយករដ្ឋមន្ត្រី ប្រចាំការ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានជំរុញឲ្យមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសវៀតណាម ជួយសម្រួលដល់ពាណិជ្ជកម្ម នៅតាមព្រំដែនរវាងប្រជាជនទាំងពីរ ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ ការជំរុញធ្វើឡើងក្នុងគ្រាដែលសម្តេចតេជោ បានទទួលជួបជាមួយឯកឧត្តម ជឿង ហ័រប៊ិញ ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម នៅវិមានសន្តិភាព។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយជំនួបពិភាក្សាការងារថា ក្នុងជំនួបនោះ ឯកឧត្តម ជឿង ហ័រប៊ិញ បាននាំការសួរសុខទុក្ខ ពីសំណាក់ប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីវៀតណាម ជូនសម្ដេចតេជោ ហើយក៏គោរពអញ្ជើញសម្ដេចតេជោ ទៅធ្វើទស្សនកិច្ច នៅប្រទេសវៀតណាមផងដែរ។
ឯកឧត្តម ក៏បានគោរពរាយការណ៍ ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពនៅប្រទេសវៀតណាមផងដែរ ដោយមានប្រសាសន៍ថា វៀតណាម គឺមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ គោលដៅទាំង១២ របស់រដ្ឋាភិបាលវៀតណាម ដែលបានដាក់ចេញ ត្រូវបានសម្រេច ហើយក៏កំពុងតែជំរុញការអនុវត្ត ឲ្យបានសម្រេចស្របតាមគោលដៅអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ។ ដោយឡែកសេដ្ឋកិច្ចវៀតណាម ពេលនេះ មានការកើនឡើង ប្រមាណ៧ភាគរយ ហើយអតិផរណាមានទាបប្រមាណ២ភាគរយប៉ុណ្ណោះ ។
ឯកឧត្តម ក៏បានសំដែងនូវការរីករាយ ជាមួយនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការទ្វេភាគី រវាងកម្ពុជា និងវៀតណាមលើគ្រប់វិស័យ ជាពិសេសលើវិស័យការពារជាតិ លើវិស័យសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន វិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យពាណិជ្ជកម្មផងដែរ។ ក្នុងន័យនេះ លោក ជឿង ហ័រប៊ិញ បានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាម អាចឈានទៅដល់ការកំណត់៥ពាន់លានដុល្លារ នៅឆ្នាំ២០២០នេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីវៀតណាម ក៏បានសំដែងនូវការរីករាយផងដែរ លើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើឆាកអន្តរជាតិកន្លងមក ឯកឧត្តមថា វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះប្រជុំអាស៊ាន នៅឆ្នាំក្រោយនេះ ហើយក៏នឹងក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិផងដែរ។ ឯកឧត្តម ជឿង ហ័រប៊ិញ បានស្នើសុំឲ្យកម្ពុជា គាំទ្រ និងសហការគ្នាធ្វើយ៉ាងណាឲ្យកិច្ចសហប្រត្តិការរបស់ប្រទេសទាំងពីរ មានការរីកចំរើនកាន់តែខ្លាំងឡើងថែមទៀត នឹងទទួលបានជោគជ័យ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណ ចំពោះការផ្ញើសួរសុខទុក្ខ អំពីប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីវៀតណាម និងការអញ្ជើញរបស់សម្ដេច ទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចនឹងធ្វើទស្សនកិច្ចនៅវៀតណាម នៅពេលសមស្របមួយ។សម្ដេចបានមានប្រសាសន៍ថា ការរីកចម្រើនលើវិស័យសេដ្ឋកិច្ច របស់វៀតណាម គឺជួយដល់ការរីកចម្រើនស្ថេរភាពសេដ្ឋកិច្ច ក្នុងតំបន់ផងដែរ។ ក្នុងន័យនេះ សម្ដេចបានលើកទឹកចិត្ត ឱ្យធ្វើយ៉ាងណាជំរុញ កិច្ចសហប្រតិបត្តិការ ជាពិសេសជួយសម្រួលដល់ពាណិជ្ជកម្ម នៅតាមព្រំដែនរវាងប្រជាជនទាំងពីរ ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
ពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកំណត់ឲ្យបាន៥ពាន់លានដុល្លារ នៅឆ្នាំ២០២០នេះ, សម្តេចតេជោបានមានប្រសាសន៍ថា ការពិតទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងវៀតណាម គឺអាចធំជាង៥ពាន់លានដុល្លាររួចទៅហើយ ព្រោះថាទំហំពាណិជ្ជកម្ម តែមានក្នុងបញ្ជី មានតួរលេខផ្សេង ដោយឡែក យើងក៏មានពាណិជ្ជកម្ម ដែលមិនមានចុះបញ្ជីផងដែរ ជាអាទិ៍ការនាំស្រូវទៅវៀតណាមជាដើម គឺមិនមានការកត់ត្រាច្បាស់លាស់នោះទេ។
សម្ដេចក៏បានសំដែងនូវការអបអរសាទរ ចំពោះវៀតណាម ដែលនឹងបានធ្វើជាប្រធានអាស៊ាន នៅឆ្នាំក្រោយនេះ ហើយក៏ជាសមាជិកមិនអចិន្ត្រៃយ៍ អង្គការសហប្រជាជាតិ នៅឆ្នាំក្រោយផងដែរ។ សម្ដេចបានមានប្រសាសន៍ថា កម្ពុជានៅឆ្នាំក្រោយនេះ នឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ ក្នុងន័យនេះ គប្បីណាប្រទេសទាំងពីរ សហការគ្នាជួយ ទៅវិញទៅមក ធ្វើយ៉ាងណាឲ្យកិច្ចប្រជុំទាំងនៅវៀតណាមទាំងនៅកម្ពុជា ទទួលបានជោគជ័យ ហើយកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរក៏បាន រីកចម្រើនធំធាត់ឡើងថែមទៀត៕ធ.ដ