ក្រសួងអប់រំអនុញ្ញាតឱ្យកីឡាករការ៉ាត់តេដូពីររូបប្រឡងបាក់ឌុប នៅមណ្ឌលព្យាបាលកូវីដ-១៩

ភ្នំពេញ ៖ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងប្រាប់ AMS នៅយប់ថ្ងៃទី២៦ ខែធ្នូនេះថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យកីឡាករ០២រូប ប្រឡងបាក់ឌុបថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បេក្ខជនប្រឡងបាក់ឌុបបានទៅពិនិត្យឈ្មោះ លេខបន្ទប់ លេខតុ ស្ទង់កំដៅ និងបិទស្ទីកឃ័របញ្ជាក់សុខភាពធម្មតា ប្រកបដោយភាពរលូនតាមការគ្រោងទុក។ ដោយឡែក បេក្ខជនប្រឡងបាក់ឌុបចំនួនពីររូប ជាកីឡាករការ៉ាត់តេដូ ដែលរាជរដ្ឋាភិបាលបានបញ្ជូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យកីឡាករពីររូបនេះ ប្រឡងបាក់ឌុបថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩ មួយកន្លែង ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ឱ្យបានត្រឹមត្រូវ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ កាលបរិច្ឆេទសំខាន់ៗនៃការប្រឡងឆ្នាំនេះ រួមមាន៖ ដំណើរការសំណេរ នឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺ ថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដំណើរការកំណែនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។ ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២២ ក្រសួងកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ។

ក្នុងឆ្នាំសិក្សា២០២០-២០២១ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ នាក់ (ស្រី៦០៣៩៧នាក់)។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន១០មណ្ឌល នៅរាជធានីភ្នំពេញ។ វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម និងមាន៧មុខវិជ្ជា ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរគឺ ទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែលត្រូវចែកជូនបេក្ខជន។

គណៈមេប្រយោគ និងគណៈកម្មការនានា ដែលចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់។ ក្រសួង បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នចំនួន៧ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហព័ន្ធសហភាពយុវជនកម្ពុជា អគ្គិសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ក្រសួងនឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី-ខេត្ត ពីរដង គឺលើកទី១ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រមនៃឈ្មោះរបស់ខ្លួន និងលើកទី២នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្ដងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ ព្រមទាំងវាស់កម្ដៅ សីតុណ្ហភាពរបស់បេក្ខជន។

បេក្ខជនទាំងអស់ត្រូវមកទទួលការវាស់ស្ទង់កម្តៅ ពិនិត្យសុខភាព និងទទួលស្ទីកយ័រកម្ដៅធម្មតា នៅតាមមណ្ឌលសំណេរនីមួយៗ នៅមុនថ្ងៃប្រឡងមួយថ្ងៃ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ និងត្រូវពាក់ម៉ាស់ជាប់ជាប្រចាំនៅក្នុងមណ្ឌលប្រឡង ចំពោះបេក្ខជនដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូដ-១៩ និងស្ថិតនៅក្នុងអំឡុងពេលចត្តាឡីស័ក ត្រូវធ្វើស្វ័យប្រកាសយ៉ាងតិចមួយថ្ងៃមុនដំណើរការសំណេរ រីឯបេក្ខជនដែលមានកម្ដៅលើសពី ៣៧,៥ អង្សាសេ ឬមានរោគសញ្ញាផ្សេងៗដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នៅទីតាំងសុខាភិបាលដែលកំណត់ដោយអាជ្ញាធរដែនដីរាជធានី ខេត្ត និងត្រូវយកលិខិតបញ្ជាក់លទ្ធផលអវិជ្ជមានកូវីដ-១៩ ពីភ្នាក់ងារសុខាភិបាលមកបង្ហាញនៅមណ្ឌលប្រឡងវិញ ដើម្បីទទួលការអនុញ្ញាតឱ្យចូលប្រឡង។

ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបាន ល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវ បានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner