អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសថា យានយន្ត ២៨៧គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

ភ្នំពេញ ៖ មានយានយន្តសរុបចំនួន ២៨៧គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងនោះមានម៉ូតូ ១២៥គ្រឿង និងរថយន្ត ១៦២គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។

បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៧ ខែធ្នូ ក្នុងឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២២៣,០៩៤គ្រឿង ក្នុងនោះមានម៉ូតូ ១៦៧,៩៣២គ្រឿង និងរថយន្តគ្រប់ប្រភេទ ៥៥,១៦២គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ទូរស័ព្ទ ល្មើសជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ ទូរស័ព្ទ ស្រវឹង អត់ខ្សែក្រវ៉ាត់ ឆៀកជាដើម ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ ។ ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត ។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ ០៨នាក់ របួស ១៤នាក់ (របួសធ្ងន់០៨នាក់)។ រយៈពេល ៣៦១ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៦៤០លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៤៨៦នាក់ របួស ៣,៥៧៩នាក់ (របួសធ្ងន់ ២,២១៧នាក់) ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner