ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បញ្ជាក់ថា ប្រទេសកម្ពុជាមានសុខសន្តិភាព ដូច្នេះវិនិយោគិន និងទទួលបានការវិនិយោគក្នុងក្រខណ្ឌដ៏ល្អ ជាមួយសក្តានុពលកាន់តែល្អប្រសើររបស់កម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងជំនួបធុរៈកិច្ចរវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន ដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានលើកឡើងពីសក្តានុពលរបស់ប្រទេសកម្ពុជា ប្រាប់ដល់ក្រុមប្រតិភូវិនិយោគិនជប៉ុន ដោយបានបញ្ជាក់ជូនយ៉ាងច្បាស់លាស់ថា «បើអ្នកចូលមកកម្ពុជា ដើម្បីទស្សនកិច្ច អ្នកនឹងទទួលបានសុវត្ថិភាព តែបើចូលមកវិនិយោគ អ្នកនឹងទទួលបានលក្ខខណ្ឌវិនិយោគល្អបំផុតពីកម្ពុជា»។

លោកបណ្ឌិតអ៊ិន ចាន់នី បញ្ជាក់ជូនវិនិយោគិនជប៉ុនយ៉ាងដូច្នេះថា «លោក-លោកស្រី បានធ្វើការសម្រេចចិត្តត្រឹមត្រូវ ក្នុងការបណ្តាក់ទុនវិនិយោគ នៅលើទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលជាទីកន្លែងផ្តល់នូវសុខសន្តិភាពពេញលេញ និងសំបូរបែប ។ ប្រសិនបើលោក-លោកស្រី មកទស្សនកិច្ចជាលក្ខណៈទេសចរណ៍ លោក-លោកស្រី នឹងទទួលបានសុខសុវត្ថិភាពខ្ពស់ តែប្រសិនបើលោក-លោកស្រី មកក្នុងគោលបំណងវិនិយោគ គឺជាជម្រើសដ៏ត្រឹមត្រូវ ដែលព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់ជូននូវលក្ខខណ្ឌវិនិយោគ ដ៏ល្អបំផុតជូនដល់វិនិយោគិនដូចជា៖ កត្តានយោបាយ សេដ្ឋកិច្ច និងសេ្ថរភាពសង្គមជាដើម»។

លោកបណ្ឌិតបន្តថា យោងតាមរបាយការណ៍ របស់ធនាគារពិភពលោក ដែលបានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេស Olympia growth ដោយសារព្រះរាជាណាចក្រកម្ពុជា មានស្ថេរភាពកំណើនសេដ្ឋកិច្ចខ្លាំង ក្នុងចំណោមប្រទេសទាំង០៦ នៅក្នុងពិភពលោកដោយមាន កំណើន GDP ជាមធ្យមប្រមាណ ៧,៨% សម្រាប់ពីរទសវត្សរ៍ចុងក្រោយ ហើយក៏នៅតែបន្តកើនឡើងក្នុងឆ្នាំខាងមុខផងដែរ។

ជាមួយគ្នានេះ ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ចាត់ទុកជំនួបធុរកិច្ចរវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន ដែលរៀបចំសហការពីសមាគមន៍ជប៉ុន-កម្ពុជា និងធនាគារអេស៊ីលីដា នឹងបើកឱកាសដល់ភាគីវិនិយោគិនកម្ពុជា និងជប៉ុន ដើម្បីធ្វើការណែនាំ និងស្វែងរកអត្ថប្រយោជន៍រួម នៃការស្វែងរកដៃគូវិនិយោគដ៏មានសក្តានុពល ។

សូមបញ្ជាក់ថា ជំនួបធុរកិច្ចនេះ មានការចូលរួមពីសំណាក់ វិនិយោគិនពហុវិស័យ រួមមានវិស័យ៖ វិស័យអភិវឌ្ឍន៍សំណង់ និងប្រឹក្សាយោបល់ ការគ្រប់គ្រងធុរកិច្ច ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន អាហារសុខភាព ខូសមេទិក ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មលើទីផ្សារ សេវាសុខាភិបាល គ្រឿងសង្ហារឹម កសិកម្ម ហាងលក់វត្ថុបុរាណ នីហរ័ណ-អាហរ័ណ ក្រុមហ៊ុនដឹកជញ្ជូន អចលនទ្រព្យ ហិរញ្ញវត្ថុ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ជាដើម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner