សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១)។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងចាស់ ដែលមានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកំពស់ ៣២ម៉ែត្រ និងមានចំណត់រថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន ១៥០គ្រឿង សរុបផ្ទៃក្រឡាប្រើប្រាស់រួម ទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ (ស្មើនឹង១០ដង នៃទំហំ អគារចាស់)។ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើរសុំពន្យាកិច្ចសន្យារយៈពេល៤ខែ ដូច្នេះការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់។ អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានបញ្ចូលរចនាបទខ្មែរទៅក្នុងសោភ័ណភាពនៃសំណង់ ដូចករណីនៃការរចនារៀបចំឲ្យមាន ស្លាបឆ្វេង ស្លាបស្ដាំ និងតួកណ្តាល ដែលយកដើមជ្រៃធ្វើជាអ័ក្ស ដូចបណ្ដាសំណង់បុរាណតែងកសាងមានអ័ក្សដូច្នោះដែរ។
អគាររដ្ឋបាល-សាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី ចែកចេញជា៣ផ្នែករួមមាន៖១៖ ផ្នែកខាងកើត ឬ(ស្លាបឆ្វេង) រៀបចំជាតំបន់ធានាឲ្យការត្រួតពលក្នុងអគារ(ពេលមានភ្លៀង) រៀបចំធ្វើជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការតូចធំ, រៀបចំទីផ្លាសន្និសិទកាសែត និងសាលប្រជុំធំ ដែលមានសមត្ថភាពធានារៀបចំអង្គប្រជុំចំណុះបាន១,០០០នាក់ ដែលអាចធានាឲ្យរាល់ពិធីការ និងការប្រជុំថ្នាក់ជាតិ-អន្តរជាតិនានា។ ២៖ ផ្នែកកណ្តាល រៀបចំជាទីធ្លាបដិសណ្ឋារកិច្ច និងរង់ចាំទទួលភ្ញៀវ (Lobby) នៅជាន់ផ្ទាល់ដី, នៅទីធ្លាជាន់ទី១ រៀបចំជាទីធ្លាសម្រាប់ពិធីត្រួតពល កងកិត្តិយស។ ៣៖ ផ្នែកខាងលិច ឬ(ស្លាបស្ដាំ) រៀបចំជាសាលពិព័រណ៍, ជាបន្ទប់រក្សាឯកសារ, ជាទីកន្លែងបំរើការធានាសន្តិសុខសុវត្ថិភាព ជាការិយាល័យធ្វើការថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងបណ្តាការិយាល័យសំខាន់ចាំបាច់មួយចំនួនផ្នែក ខាងលិចមានចំនួន៦ជាន់ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា នៅក្នុងដំណើរការសាងសង់ទីស្តីការក្រសួងការពារជាតិ បានចំណាយថវិកាសរុបជាង ៣០លាន ៥សែនដុល្លាអាមេរិក ក្នុងនេះតម្លៃរចនាបថប្លង់ស្ថាបត្យកម្ម ជាង៥សែន៩ម៉ឺនដុល្លារអាមេរិក។ តម្លៃសាងសង់ជាង ២៩លាន៩សែនដុល្លារអាមេរិក។
ថវិកាចំណាយនេះ ក្រសួងការពារជាតិ ពុំទាន់គិតបញ្ចូលនូវថវិកាមួយចំនួនរួមមាន ៖ ពន្ធអាករ និងពន្ធនាំចូលជាបន្ទុករបស់រដ្ឋ ជាង៣លានដុល្លារអាមេរិក។ គ្រឿងបំពាក់ដូចជា មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ បច្ចេកវិទ្យាទំនើប រួមមាន ផ្ទាំងLED ប្រព័ន្ធ សម្លេង ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ទ្វារចេញចូលសុវត្ថិភាព វិទ្យុទាក់ទង ស៊ឺនធឺណេត និងការរៀបចំ ជណ្តើរយន្ត ជណ្តើរយោង ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនពន្លត់អគ្គិភ័យ និងគ្រឿងសង្ហារឹមផ្សេងៗសរុប ចំនួនជាង៩លានដុល្លារអាមេរិកថែមទៀត។ ព្រមជាមួយរចនាសម្ព័ន្ធរណបដូចជា ការជួសជុលរៀបចំឡើងវិញផ្លូវជុំវិញ និងទីលានមុខក្រសួង ដងទង់ជាតិ សួនច្បារ ប្រព័ន្ធលូទឹកកខ្វក់ បណ្ដាញទឹកភ្លើង បន្ទប់ចរន្តអគ្គិសនី ។ល។ ថវិកាចំណាយការសាងសង់ទាំងអស់នេះ រួមមាន៖ ថវិកាបដិភាគរាជរដ្ឋាភិបាល ប្រហែល២លាន៨សែនដុល្លារអាមេរិក។ ការជួយគាំទ្រឧបត្ថម្ភពីប្រទេសជាដៃគូ មានក្រសួងការពារជាតិចិន និងក្រសួងការពារប្រទេសវៀតណាម ។ ការជួយគាំទ្រពីសប្បុរសជន និងក្រុមហ៊ុននានាក្នុងស្រុក។ ការជួយគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលផ្លូវ និងរៀបចំលំអរឡើងវិញសួនច្បារនៅមុខក្រសួងការពារជាតិ។
ពិធីសម្ពោធនេះ បានប្រារព្ធឡើងចំនឹងខួបលើកទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន, សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ក្រោមនយោបាយឈ្នះឈ្នះនេះ បានធ្វើឱ្យមាតុភូមិកម្ពុជា ទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញរហូតមកដល់សព្វថ្ងៃ ហើយសម្រាប់នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការពារជាតិ ក៏នឹងមានកម្មវិធីបាញ់កាំជ្រួចជាកិច្ចអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅវិមានឈ្នះឈ្នះ។ ដោយឡែកនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅវិមានឈ្នះឈ្នះ នឹងមានពិធីអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មី នៃអគាររដ្ឋបាល និងសាលប្រជុំ នៃក្រសួងការពារជាតិដែលត្រូវបានសាងសង់ថ្មី និងបានសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ក្នុងការសាងសង់អគារថ្មីរបស់ក្រសួងការពារជាតិ ទាំងរដ្ឋ និងឯកជន ក៏ដូចសាធារណៈរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋសង្គមនិយមវៀតណាមជាដើម។
តាមការស្នើសុំរបស់សម្ដេចពិជ័យសេនាទៀ បាញ់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពលុបបំណុលអគ្គិសនី ដែលមានជាង២លានដុល្លារ របស់ក្រសួងការពារជាតិ ដែលបានប្រើប្រាស់នាពេលកន្លងមក។ សម្តេច បានថ្លែងថា កន្លងមកនៅរាជធានីភ្នំពេញ មានតម្រូវការអគ្គិសនី ៣០មេហ្គាវ៉ាត់ ប៉ុន្តែពេលនេះមិនមែនត្រឹមប៉ុណ្ណឹងទៀតទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ត្រូវចេះសន្សំសំចៃ ចំពោះការប្រើប្រាស់អគ្គិសនីផងដែរ។
នៅថ្ងៃខួបលើកទី២៣ នៃការដាក់ចេញនយោបាយឈ្នះឈ្នះនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យពិនិត្យដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ។ សម្តេចតេជោបានថ្លែងថា រឿងសន្តិភាព មិនមែនសម្រាប់តែគណបក្សប្រជាជនកម្ពុជាទេ គឺសម្រាប់ប្រជាជាតិទាំងមូល និងប្រជាជនទាំងអស់គ្នា។ សម្តេចតេជោបានរំលឹកថា ថ្ងៃនេះ ម៉ោងនេះ កាលពី២៣ឆ្នាំមុន សម្តេចកំពុងបញ្ជាឧទ្ធម្ភាគចក្រ២គ្រឿងដើម្បីដឹក ខៀវ សំផន មកចរចានៅផ្ទះរបស់សម្តេចនៅក្រុងតាខ្មៅ ដើម្បីចរចាបញ្ចប់សង្គ្រាម តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះនោះ។
ក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រសាសន៍ថាឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មិនមែនទទួលបានដោយចៃដន្យនោះទេ គឺជាការប្រទានដោយព្រះមហាក្សត្រ ដោយសម្តេច បានបង្កើតកងទ័ពដើម្បីរំដោះប្រជាពលរដ្ឋខ្មែរពីរបបខ្មែរក្រហម។ សម្តេចតេជោបានថ្លែងថា កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល មិនអាចអព្យាក្រឹត្យរវាង រដ្ឋាភិបាល និង បក្សនយោបាយបានទេ។ នរណាក៏ដោយដែលធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែចាត់វិធានការភ្លាម។ សម្តេចតេជោ បានប្រាប់ទៅដល់អនុព័ន្ធយោធាទាំងអស់ថា កម្ពុជាមិនបណ្តែតបណ្តោយឱ្យនរណាធ្វើបដិវត្តន៍ពណ៌ នៅលើដែនដីដ៏កំសត់របស់កម្ពុជានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ក្រសួងការពារជាតិ ក្នុងការកសាងអគារនេះ និងបានជូនពរឲ្យកងកម្លាំង ប្រដាប់អាវុធ និងមន្ត្រីនៃក្រសួងការពារជាតិទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីនេះ ចាប់ពីពេលនេះតទៅ។ ក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃ និងសប្បុរសជនដែលបានចូលរួមក្នុងការកសាងសមិទ្ធផលនានារបស់ក្រសួងនាពេលកន្លងមកផងដែរ ៕ ដោយ វណ្ណលុក










