ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការឃាត់ខ្លួនបានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខម្តុំបូរីជីបម៉ុង ផ្លូវ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ក្នុងនោះ ពីនាក់ គេចខ្លួន(ឈ្មោះឌី និងឈ្មោះសាល) មធ្យោបាយម៉ូតូ០២គ្រឿង។ ចំណែកឯ ជនសង្ស័យ ដែលឃាត់ខ្លួនបានមានឈ្មោះ វង់ ម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាតក់ ឃុំព្រែកតាតក់ ស្រុកលើកដែក ខេត្តកណ្តាល (មានសារធាតុញៀន)។
ជននេះបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកអាយហ្វូន១២ប្រូមួយគ្រឿង ពីជនរងគ្រោះឈ្មោះ លឹម សុភា ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនប៊ូយ៉ុង ស្នាក់នៅផ្ទះលេខ៥៥ ផ្លូវ២៧A សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ។ សម្ភារៈបាត់បង់ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូន១២ប្រូ យកទៅបាត់។ ហើយសមត្ថកិច្ចចាប់យកសម្ភារៈបន្សល់ទុកម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JC-4864 របស់ជនសង្ស័យ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ ដោយ/ ឆៃហួត និងប៊ុនធី
