អាមេរិក និងចិនបានបង្ហាញពីសញ្ញានៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា ក្នុងការផ្ដល់ជំនួយវ៉ាក់សាំងទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍នានា

អត្ថបទដោយ៖
AMS OneMinute

ខណៈដែលការប្រកួតប្រជែងរវាងអាមេរិក និងចិននៅតែជារឿងយ៉ាងតានតឹងមួយ ក្នុងភូមិសាស្ដ្រនយោបាយ តំបន់អាស៊ីអាគ្នេយ៍នេះ អាមេរិក និងចិនបានបង្ហាញពីសញ្ញានៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា ក្នុងការផ្ដល់ជំនួយវ៉ាក់សាំងទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍នានា ក៏ដូចជាការផ្ដល់ជំនួយផ្សេងៗសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩ជាដើម។

ប្រធានាធិបតីចិន លោក Xi Jinping បានប្ដេជ្ញាថា ចិនត្រៀមខ្លួនជាស្រេចក្នុងការនាំចូលផលិតផលកសិកម្មពីប្រទេសអាស៊ីអាគ្នេយ៍ក្នុងតម្លៃសរុប ១៥០ប៊ីលានដុល្លារ និងត្រៀមខ្លួនក្នុងការផ្ដល់ទឹកប្រាក់ប្រមាណ ១,៥ប៊ីលានដុល្លារទៅកាន់តំបន់នេះ សម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺកូវីដ១៩។

ចិនក៏បានផ្ដល់វ៉ាក់សាំងសរុបទៅកាន់អាស៊ីអាគ្នេយ៍ ៩០៦លានដូស ដោយក្នុងនោះ ៨៣២លានដូសតាមរយៈការលក់ និង ៨៨លានដូសតាមរយៈការបរិច្ចាគ។

រីឯអាមេរិកវិញ ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជូនឥស្សរជនជាន់ខ្ពស់ រួមមានអ្នកស្រី Kamala Harris អនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីពាណិជ្ជកម្មជាច្រើនមកធ្វើដំណើរទស្សនកិច្ចនៅប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោក Joe Biden ផ្ដល់ទឹកប្រាក់ប្រមាណ ១០២លានដុល្លារអាមេរិក ដើម្បីពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអាមេរិក ដែលទឹកប្រាក់ទាំងនេះនឹងត្រូវប្រើប្រាស់ក្នុងវិស័យនានាដូចជា វិស័យសុខាភិបាល បម្រែបម្រួលអាកាសធាតុ វិស័យអប់រំ និងការលើកកម្ពស់យេនឌ័រជាដើម។

អាមេរិកបានបរិច្ចាគវ៉ាក់សាំងតាមរយៈយន្តការទ្វេភាគី និងតាមយន្តការកូវ៉ាក់មកតំបន់អាស៊ីអាគ្នេយ៍យ៉ាងតិចប្រមាណ ៧០លានដូស។ អាមេរិកក៏បានបរិច្ចាគទឹកប្រាក់សរុបប្រមាណ ២០០លានដុល្លារដើម្បីជួយប្រទេសអាស៊ានក្នុងការប្រឆាំងនឹងវិបត្តិកូវីដ១៩។

យ៉ាងណាមិញ មហាអំណាចទាំងពីរហាក់ដូចជាមិនសូវស៊ីសង្វាក់គ្នា ទាក់ទិននឹងបញ្ហាសន្តិសុខនយោបាយតំបន់នានា។ ខណៈដែលអាមេរិកអះអាងថាខ្លួនឈរនៅជាមួយភាគីអាស៊ីអាគ្នេយ៍ ប្រសិនបើមានការគំរាមកំហែងណាមួយពីសំណាក់ចិននៅតំបន់សមុទ្រចិនខាងត្បូង និងតំបន់មេគង្គ ចិនបានចាត់ទុកថា ការលើកឡើងនេះជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តំបន់អាស៊ីអាគ្នេយ៍។

ប្រភព៖ RFA, The White House

ads banner