សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២ ចំនួន ២,៣០២ នាក់ បានធ្វើទស្សនកិច្ចសិក្សានៅពហុកីឡដ្ឋានជាតិ មរតកតេជោ
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២ ចំនួន ២,៣០២នាក់ បានធ្វើទស្សនកិច្ចសិក្សានៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសមិទ្ធផលដ៏ល្អប្រណិតថ្មីមួយទៀត ដែលប្រទេសកម្ពុជាយើងទើបទទួលបានថ្មីៗនេះ និងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលា ប៊ែលធី អន្តរជាតិ បានដឹកនាំលោកគ្រូ-អ្នកគ្រូ និងសិស្សថ្នាក់ទី១២ ចំនួន ២,៣០២នាក់ មកធ្វើទស្សនកិច្ចសិក្សានៅថ្ងៃនេះ គឺក្នុងគោលបំណងផ្តល់ឱកាសជូនសិស្សានុសិស្សបានសិក្សាស្វែងយល់អំពីសំណង់ប្រវត្តិសាស្ត្រ ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់ជាតិ និងជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប ក្នុងសម័យតេជោយើងនេះ។
សាលា ប៊ែលធី អន្តរជាតិ បានបន្ថែមកម្មវិធីសិក្សាធំៗ ចំនួន ៩ រួមមាន៖ ១-កម្មវិធីបង្កើនចំណេះដឹងទូទៅ ២-កម្មវិធីពង្រឹងស្មារតី ៣-កម្មវិធីទស្សនកិច្ចសិក្សា ៤-កម្មវិធីសិក្សាតាមទូរទស្សន៍ ៥-កម្មវិធីប្រកួតប្រជែងសំណេរ ៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ៧-កម្មវិធីជជែកដេញដោល ៨-កម្មវិធីប្រកួតប្រជែងទេពកោសល្យ និង ៩-កម្មវិធី កីឡា។ ហើយ កម្មវិធីទស្សនកិច្ចសិក្សា ដែលជាកម្មវិធីបន្ថែមទី៣ នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងបានបែងចែកទៅតាមកម្រិតថ្នាក់ដូចជា៖
- ថ្នាក់ទី៤ ទស្សនកិច្ចសិក្សានៅព្រះបរមរាជវាំង
- ថ្នាក់ទី៥ ទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ
- ថ្នាក់ទី៦ ទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
និងសួនសត្វភ្នំពេញសាហ្វារី
- ថ្នាក់ទី៧ ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងសួនសត្វភ្នំតាម៉ៅ
- ថ្នាក់ទី៨ ទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ និងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ
- ថ្នាក់ទី៩ ទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ និងភ្នំប្រុស ភ្នំស្រី ខេត្តកំពង់ចាម
- ថ្នាក់ទី១០ ទស្សនកិច្ចសិក្សានៅព្រះបរមរាជវាំង និងឧទ្យានជាតិគីរីរម្យ
- ថ្នាក់ទី១១ ទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ និងរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុក ខេត្តកំពង់ធំ
- ថ្នាក់ទី១២ ទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ, វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ខេត្តកែប-ភ្នំកំពង់ត្រាច និងស្រែអំបិលខេត្តកំពត។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចសិក្សានេះ សិស្សគ្រប់កម្រិតថ្នាក់ទាំងអស់ ត្រូវសរសេររបាយការណ៍អំពីលទ្ធផលដែលខ្លួនបានឃើញ និងសិក្សាឈ្វេងយល់ ដើម្បីដាក់ពិន្ទុប្រចាំខែលើមុខវិជ្ជាប្រវត្តិវិទ្យាផងដែរ។















