ពិធីសម្ពោធដាក់អោយប្រើប្រាស់ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ក្នុងវិស័យបរិស្ថានឆ្នាំ២០២១-២០២៥
«ការសម្រេចបាននូវអណត្តិការងាររបស់ក្រសួង គឺមិនគ្រាន់តែមានយុទ្ធសាស្រ្ត និងផែនការដែល បានរៀបចំនោះទេ តែគឺជាការធ្វើឱ្យយុទ្ធសាស្រ្ត និងផែនការក្លាយទៅជាការអនុវត្តជាក់ស្តែង ហើយការដាក់បញ្ចូលទស្សនវិស័យយេនឌ័រក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាពនានារបស់ក្រសួង ជាកត្តារួមចំណែក សម្រេចបាននូវការអភិវឌ្ឍ ដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការពារសិទ្ធិ ការផ្តល់ផលប្រយោជន៍ដល់ស្រ្តីនិងកុមារ។ ដូច្នេះ ឯកសារនេះនឹងចូលរួមដល់ការ ជំរុញការបញ្ជ្រាបយេនឌ័រនៅគ្រប់ដំណាក់កាល ទាំងការលើកកម្ពស់តួនាទីស្រ្តីក្នុងវិស័យបរិស្ថាន ការពង្រឹង សមត្ថភាព និងការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅសហគមន៍មូលដ្ឋាន ក្នុងបរិបទនៃការលើកកម្ពស់ អភិបាលកិច្ចបរិស្ថាន និងជំរុញកំណើនសេដ្ឋកិច្ចប្រកប ដោយ បរិយាប័ន្ន» នេះជាការលើកឡើង របស់លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ក្នុងវិស័យបរិស្ថានឆ្នាំ២០២១-២០២៥ ។លោកជំទាវបន្តថា កិច្ចការបន្តដែលយើងត្រូវធ្វើដើម្បីជំរុញ និងសម្រេចបានសមភាពយេនឌ័រ និងការបង្កើននូវភាពអង់អាចរបស់ស្រ្តី និងកេ្មងស្រីក្នុងបរិបទនៃការវិវត្តថ្មីៗរបស់សង្គម ក៏ដូចជាក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ និងដើម្បីឈានទៅសម្រេចបានការអនុវត្តយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី៤ ដើម្បី «កំណើនការងារ សមធម៌ និងប្រសិទ្ធភាព» ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវគតិបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលយល់ច្បាស់ពីសារសំខាន់នៃការលើកកម្ពស់ការយល់ដឹងដល់ស្ត្រី និងការចូលរួមរបស់ស្ត្រីក្នុងគ្រប់វិស័យ ជាពិសេសការជំរុញលើកទឹកចិត្តស្ត្រីថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ ការលុបបំបាត់អំពើហិង្សា និងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី ព្រមទាំងការបង្កើននូវកាលានុវត្តភាពនានាដល់ស្ត្រីពិតជាមានសារៈសំខាន់ និងចាំបាច់បំផុតក្នុងគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន”។ ក្រសួងកិច្ចការនារី បានសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធអនុវត្តលើការងារលើកកម្ពស់សមភាពយេនឌ័រ និង ផ្តល់ភាពអង់អាចដល់ស្រ្តី រួមទាំងការទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ដោយមានការគាំទ្រពីអង្គការជាតិ អន្តរជាតិ ព្រមទាំងដៃគូ អភិវឌ្ឍន៍នានា និងទទួលបានលទ្ធផលវិជ្ជមានគួរឱ្យ កត់សម្គាល់នាឆ្នាំកន្លងមក ទោះបីជាយើងស្ថិតក្នុងកំឡុងពេលនៃវិបត្តិកូវីដ១៩។ យើងនៅតែបន្តអនុវត្តគោលនយោបាយ សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាដើម្បីធានាលើកកម្ពស់ការ ចូលរួមរបស់ស្រ្តីក្នុងគ្រប់វិស័យ។សមិទ្ធផលនាថ្ងៃនេះ បានស្តែងចេញនូវកិច្ចខិតខំប្រឹងប្រែងបញ្រ្ជាបយេនឌ័រ ក្នុងវិស័យបរិស្ថាន ដែលនេះជាឯកសារគោលនយោបាយដ៏សំខាន់សម្រាប់ក្រសួងបរិស្ថាន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធព្រមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីយកទៅអនុវត្តសកម្មភាពលើកកម្ពស់តួនាទីយេនឌ័រក្នុងវិស័យបរិស្ថាន ឱ្យបានទូលំទូលាយ និងប្រកបដោយលទ្ធផលល្អប្រសើរ។
លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការរៀបចំផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន២០២១-២០២៥ ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើបទពិសោធន៍នៃការរៀបចំ និងអនុវត្តផែនការសកម្មភាពកន្លងមក ដោយពិនិត្យជាសំខាន់ទៅលើលទ្ធផល បញ្ហាប្រឈម និងតម្រូវការដែលចាំបាច់នានារបស់មន្រ្តីសហគមនិងអ្នកពាក់ព័ន្ធ។ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថានដំណាក់កាលទី៣ នេះមានរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២១-២០២៥ គ្របដណ្តប់នូវតម្រូវការរបស់មន្រ្តីគ្រប់ជាន់ថ្នាក់ ពិសេសពង្រឹងការយកចិត្តទុកដាក់ដល់ការរួមចំណែករបស់ស្រ្តីក្នុងការអភិរក្ស និងការអភិវឌ្ឍសហគមន៍មូលដ្ឋានដោយផ្សារភ្ជាប់ជាមួយបញ្ហាបរិស្ថាន និងការវិវត្តរបស់ប្រទេសជាតិ និងពិភពលោក។ផែនការយុទ្ធសាស្រ្តដំណាក់កាលទី៣ បានចាប់ផ្តើមរៀបចំឡើងតាំងពីខែសីហា ឆ្នាំ២០២០មកម្ល៉េះ តែមានការយឺតយ៉ាវខ្លះ ដោយសារកត្តាមួយចំនួន ដែលរួមទាំងការធ្វើវិចារណកម្មថវិកាជាតិ និងជាពិសេសការរីករាលដាលនៃជំងឺកូវិដ-១៩ ដែលរារាំង ការជួបជុំ និងការពិគ្រោះយោបល់ផ្ទាល់មុខគ្នា។ តែទោះជាយ៉ាងនេះក្តី តាមរយៈនៃកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារ ព្រមជាមួយនឹងកិច្ចសហការជាមួយអង្គការរីខុហ្វ មូលនិធិហែនរិចបូល(HBS) និងជាបន្តបន្ទាប់ជាមួយអង្គការ Oxfam ព្រមទាំងដៃគូពាក់ព័ន្ធផ្សេងទៀត បានបន្តពុះពារធ្វើការរៀបចំផែន ការយុទ្ធសាស្រ្តនេះរហូតទទួលបានលទ្ធផលជាផ្លែផ្កា ដូចបានស្តែងឡើងឱ្យឃើញជារូបរាងក្នុងថ្ងៃនេះ ៕ ដោយ / គ្រី សម្បត្តិ








