មន្ទីរបរិស្ថានខេត្តព្រះវិហារ បានពង្រឹងការងារកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានទូទាំងខេត្ត ឆ្នាំ២០២១និងទិសដៅការងារឆ្នាំ ២០២២ ក្រោមអធិបតី ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធ ទី ២៩ ខែធ្នូ ឆ្នាំ ២០២១ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងការអនុវត្តការងារស្នូលរបស់ខ្លួនក្នុងវិស័យកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ការអប់រំចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន ការលើកទឹកចិត្តក្នុងការអនុវត្តមេត្រីភាពបរិស្ថាន ការគាំទ្រ និងផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារដែលបានផ្ទេរ និងប្រតិភូកម្មជូនរដ្ឋបាលថា្នក់ក្រោមជាតិ ការអនុវត្តលើការផ្តល់សេវាសាធារណៈដើម្បីបង្កើនប្រាក់ចំណូលចូលជាតិ ការលើកកម្ពស់កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងកិច្ចសហការជាមួយអង្គការដៃគូក្រៅរដ្ឋាភិបាល។
នៅក្នុងឆ្នាំបន្ទាប់ មន្ទីរបរិស្ថានខេត្ត នឹងបន្តខិតខំបន្ថែមទៀតលើទៅលើការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ និងកិច្ចគាំពារបរិស្ថាន(ការគ្រប់គ្រងសំណល់រឹង-រាវ សំរាម ការបំពុលខ្យល់)។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះការងារអនុវត្តកន្លងទៅ និងជំរុញដល់ថ្នាក់ដឹកនាំនិងមន្រ្តីមន្ទីរបរិស្ថានខេត្ត បន្តកិច្ចគាំពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាត ឲ្យមាននិរន្តភាពបានយូរអង្វែងដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋកូនចៅជំនាន់ក្រោយ៕ ដោយ / គ្រី សម្បត្តិ










