រថយន្តមួយគ្រឿង បុរះឡើងខឿនទ្រូងផ្លូវក្រឡាប់ផ្ងារជើងចាក់ទឹកកកចោលពេញផ្លូវ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តដឹកទឹកកកមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ដោយសង្ស័យថាតៃកុងងងុយដេក ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុរះឡើងខឿនទ្រូងផ្លូវ បន្តបុកបង្គោលផ្លាកផ្សាយពាណិជ្ជកម្ម និងបង្គោលភ្លើងបាក់អស់ចំនួន២ដើម បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងច្រងាងចាក់ទឹកកកចោលពេញផ្លូវ និងរថយន្តរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងដឹកទឹកកក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-6884 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេង ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនគួរសម ដោយសង្ស័យថាតៃកុងរថយន្តងងុយដេក ខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជ្រុលទៅបុរះឡើងខឿនទ្រូងផ្លូវ រួចរថយន្តមិនទាន់អស់ល្បឿន ក៏បន្តបុកបង្គោលផ្លាកផ្សាយពាណិជ្ជកម្ម និងបង្គោលភ្លើងបាក់អស់ចំនួន២ដើម បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងច្រងាងចាក់ទឹកកកចោលពេញផ្លូវ និងរថយន្តរងការខូចខាតយ៉ាងដំណំ។ រួចហើយភ្លាមៗនោះ តៃកុងរថយន្តបង្ក បានរត់គេចចេញពីកន្លែងកើតហេតុបាត់តែម្តង។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដោយមើលឃើញថាខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ និងទ្រព្យសម្បត្តិសាធារណៈ ក៏បានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ឆៃហួត




