ប្រកាសទទួលស្គាល់សមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន ៣០០នាក់ ដែលមានទីលំនៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ភ្នំពេញ៖ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន៣០០នាក់ ដែលមានទីលំនៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិកាក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយសង្កាត់និរោធ ដោយមានការចូលរួមពីលោក អ៊ំ ម៉ារ៉េតប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ និងសមាជិក សមាជិកា ក្រុមការងារគណបក្ស សង្កាត់ជាច្រើនរូបទៀត នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាសង្កាត់និរោធ។
ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិកាក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និង ជាប្រធានក្រុមការងារចុះជួយសង្កាត់និរោធ ក៏បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាច្រើនរូបទៀត ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុក្ខដាក់ពីសុខទុក្ខ និងការរស់នៅរបស់សមាជិកគណបក្ស យើងគ្រប់ៗរូប។
លោកជំទាវ សុភ័គ្គ ថាវី ក៏បានថ្លែងជម្រាបជូនសមាជិកថ្មី ពីការអភិវឌ្ឍន៍រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសកម្ពុជា តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយ៉ាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ លោកជំទាវបន្តថា «បើគ្មានគណបក្សប្រជាជនកម្ពុជា បើគ្មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនោះទេ ម្ល៉េះប្រទេសជាតិមិនបានទទួលនូវសុខសន្តិភាព ហើយប្រជាពលរដ្ឋ ក៏មិនមានសិទ្ធសេរីភាពដូចពេលនេះទេ»។
លោកជំទាវ ប្រធានក្រុមការងារក៏បានថ្លែងការចូលរួមអបអរសារទរជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់និរោធទាំង ៣០០នាក់ ដែលបានប្រកាសទទួលស្គាល់នៅពេលនេះ។ លោកជំទាវមានប្រសាសន៍ថា «ការសម្រេចចិត្តរបស់សមាជិកថ្មីទាំង៣០០រូប ចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត និងគ្មានការបង្ខិតខបង្ខំឡើយ ក្នុងទិសដៅយើងមានឱកាសចូលរួមជាមួយគ្នាបម្រើប្រជាជន បម្រើប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានឲ្យមានការរីកចម្រើនតទៅទៀត»។
លោក ជំទាវ ក៏បានថ្លែងណែនាំដល់សមាជិកថ្មី ត្រូវប្រែក្លាយការគាំទ្រទៅជាសន្តឹកឆ្នោតមួយសន្លឹក បោះជូនគណបក្សប្រជាជនកម្ពុជា ។ ក្នុងឪកាសនោះដែរ លោកជំទាវ បានក្រើនរំលឹកជាថ្មីដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នអនុវត្តន៍តាមវិធានសុខាភិបាល ៣កុំ៣ការពារ ឲ្យបានគ្រប់ពេលវេលា ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នូវទម្រង់ថ្មីគ្រប់ប្រភេទ ទើបយើងអាចទទួលនូវសុខដុមរមនា និងការអភិវឌ្ឍន៍លើគ្រប់វិស័យបន្តទៀត ៕








