ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ខ្លួនក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។
តាមរបាយការណ៍របស់ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថានៅក្នុងឆ្នាំ២០២១នេះ ទោះបីកម្ពុជាស្ថិតក្នុងបរិការណ៍នៃការរាតត្បាតពីជំងឺ covid 19 ក្តី ក៏ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅតែបានបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជារបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ ដោយបានសម្រេចនូវសមិទ្ធិផលសំខាន់ៗ ថ្មីៗ ជាច្រើនលើការងារកសាងផែនការរូបវ័ន្តក្នុងចក្ខុវិស័យនៃការរៀបចំដែនដី និងនគរូបនីយកម្មគ្រប់កម្រិត ការងារគ្រប់គ្រងសំណង់គ្រប់ប្រភេទ ការងារគ្រប់គ្រងដីធ្លី និងចុះបញ្ជីដីធ្លី ការងារដោះស្រាយវិវាទដីធ្លី ការងារគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នឹងការងារសម្បទានដីសង្គមកិច្ច និងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋមានចំណូលមធ្យម ចំណូលទាប និងជនងាយរងគ្រោះជាដើម ចូលរួមបង្កើតបាននូវចលករ និងបរិយាកាសល្អប្រសើរសម្រាប់ធុរៈកិច្ច និងការវិនិយោគ ពង្រឹងភាពសុខដុមរមនាក្នុងសង្គម និងជំរុញបង្កើនចំណូលរបស់រដ្ឋដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។
ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិសរុប ៤៧២ ០៦៩ ៥៦៦ ២៥៨ រៀល បើធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០២០ ថយចុះ ១.៦២ ភាគរយ គិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យផងដែរ។ គិតពីពេលចាប់ផ្ដើមអនុវត្តដល់ដំណាច់ឆ្នាំ២០២១ ក្រសួងបានចេញប័ណ្ណកម្មសិទ្ធិដីបានចំនួន ៦ ៤១៥ ៣១១ ប័ណ្ណ ស្មើនឹង ៩១.៦ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង ៧លានក្បាលដី លើសផែនការ ១.៦ភាគរយ ធៀបនឹងសូចនាករដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៥ ៧៩១ ៧៦១ ក្បាលដី និងចែកប័ណ្ណបាន ៥ ៣២៩ ១៥៣ ប័ណ្ណ(សម្បទានដីសង្គមកិច្ចចំនួន ១៧ ៩៩៣ ប័ណ្ណ )និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦២៣ ៥៥០ ប័ណ្ណ ក្នុងនោះដីរដ្ឋបាន ១៨៩ទីតាំង ចំនួន ២ ១០៤ ប័ណ្ណ ទំហំ ៩០៧ ៤៩៣ ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន ៦២០ ៥៩០ ប័ណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន ៣៣ សហគមន៍ស្មើនឹង ៨៥៦ ប័ណ្ណ ទំហំ ៣៣ ៨៩៩ ហិកតាសម្រាប់ ៣ ២៣៥ គ្រួសារ។ដោយឡែកការចុះបញ្ជីដីគរុភ័ណ្ឌវត្តបាន ១ ៩៣៦ វត្តស្មើនឹង ២ ៤០៤ ប័ណ្ណ ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ២ ០៨៥ ប័ណ្ណនិងដាច់ដោយដុំបាន ៣១៩ ប័ណ្ណ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលក្រសួងសម្រេចបាននាពេលនេះ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញអំពីទេពកោសល្យ ឆន្ទៈ និងថាមពល នៃថ្នាក់ដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ព្រមទាំងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់មន្ត្រីរាជការនៅគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងការគាំទ្រនិងកិច្ចសហប្រតិបត្តិការល្អពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថាសមិទ្ធិផលដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២១នេះ គឺអាស្រ័យដោយមានការគាំទ្រមិនអាចខ្វះបាននិងការដឹកនាំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែដាក់ចេញនូវចក្ខុវិស័យ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវច្បាស់លាស់ឆ្លើយតបបានចំពោះសំណូមពរដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចាត់ទុកសមិទ្ធិផលខាងលើនេះថាបានចូលរួមបង្កើតជាបុរេលក្ខខណ្ឌ និងជាមូលដ្ឋានក្នុងការចាប់ផ្ដើមអនុវត្តក្របខ័ណ្ឌនិងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាលពិសេសសម្រាប់ការពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងដំណើរការនៃការស្ដារសង្គម សេដ្ឋកិច្ចឡើងវិញ។









