ជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន ជាមួយលោក យូស៊ីហ៊ីសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ
នាល្ងាចថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានទទួលជួបជាមួយលោក យូស៊ីហ៊ីសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ថ្លែងឲ្យដឹងថា លោកកៃនូម៉ា បានគោរពរាយការណ៍ជូនសម្ដេចតេជោថា នៅឆ្នាំ 2018 កន្លងមក ក្រុមហ៊ុនរបស់លោក បានដាក់ទុនវិនិយោគនៅកម្ពុជាមានចំនួនទឹកប្រាក់ភូមិ 372 លានដុល្លារសហរដ្ឋអាមេរិច ហើយនៅឆ្នាំ 2019 នេះនឹងកើនឡើងទៅដល់រហូតដល់ 400 លានដុល្លារសហរដ្ឋអាមេរិក។
លោកក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោផងដែរថា ក្រៅពីការផលិតម៉ូទ័រហើយ ក្រុមហ៊ុនទើបទទួលបានការអនុញ្ញាតឱ្យផលិតឧបករណ៍សម្រាប់ល្បែងកម្សាន្តរបស់ក្មេងទៀត ដែលផលិតផលនេះគឺនឹងបិតស្លាកថា made in cambodia មានន័យថាផលិតនៅកម្ពុជា ហើយផលិតផលនេះគឺនាំចេញទៅទូទាំងពិភពលោក ។ លោកក៏បានជម្រាបសម្ដេចតេជោផងដែរថារហូតមកដល់ពេលនេះ ក្រុមហ៊ុនមានកម្មករចំនួន ៧ពាន់នាក់ហើយ ហើយដែលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះកម្មករនឹងឈានឡើងរហូតដល់ ២ម៉ឺននាក់សម្រាប់បម្រើការងារនៅក្នុងរោងចក្ររបស់លោក ហើយកម្មករទាំងនោះ បានមកពីខេត្តចំនួន ១០ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្រៅពីការផលិតឧបករណ៍សម្រាប់ល្បែងកំសាន្តនេះ ក៏មានការពិនិត្យ ភ្លើងឆ្លាត ផងដែរ លោកក៏បានគោរពជម្រាបជូនសម្តេចតេជោថាក្រុមលោកបានធ្វើការផលិត ភ្លើងឆ្លាតហើយបានផ្គត់ផ្គង់បំពាក់នៅទីក្រុងភ្នំពេញ និងទីក្រុង សៀមរាបបានចំនួន៦៨៩២គ្រឿងហើយ ហើយនៅក្រៅប្រទេស ក៏មានបំពាក់ផងដែរដែរ ដោយផលិតផលនៅកម្ពុជានេះ បានបំពាក់នៅប្រទេសជប៉ុន បានប្រមាណ ២ម៉ឺនអំពូលហើយ , នៅពេលដ៏ខ្លីខាងមុខនេះទៀត នឹងបំពាក់ប្រមាណ២ម៉ឺនអំពូលទៀត នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ផងដែរ ។ ភ្លើងវៃឆ្លាតនេះគឺមានគុណភាពល្អកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានច្រើន ជួយដល់បរិស្ថានផង ហើយនិងបំភ្លឺភ្លើងតាមផ្លូវសាធារណៈ ឲ្យមានភាពភ្លឺស្មើគ្នាទាំងស្រុងតែម្ដង។ ក្នុងន័យនេះ លោកកៃនូម៉ា បានគោរពសុំការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាជួយគាំទ្រផលិតផលដែលផលិតក្នុងស្រុក ដែលអាចជួយដល់បរិស្ថានផង ជួយដល់ការសំចៃការប្រើប្រាស់ប្រេង និងអគ្គិសនីផងដោយការប្រើប្រាស់ភ្លើងឆ្លាត នៅកម្ពុជា ជាពិសេសនៅតាមខេត្តធំៗ ដូចជាខេត្តព្រះសីហនុ និងខេត្តដទៃទៀត។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការរីករាយចំពោះវឌ្ឍនភាពមីនីបៀរ ដែលមានការរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ កាលដើមឡើយ សម្ដេចតេជោធ្លាប់មានប្រសាសន៍ថា មិនថាក្រុមហ៊ុនតូច ក្រុមហ៊ុនធំទេឱ្យតែមកដល់កម្ពុជា គឺដល់មុន គឺទទួលមុន ក្នុងន័យនេះកាលដើមឡើយ ក្រុមហ៊ុនមីនីបៀ គឺជាក្រុមហ៊ុនតូចមួយតែពេលនេះក្រុមហ៊ុនមីនីប៊ៀ គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយ ដែលមានកម្មកររហូតដល់ ៧ពាន់នាក់និងឈានរហូតដល់ ២ ម៉ឺននាក់ ហើយក៏កំពុងតែផលិតនូវផលិតផលដែលមានបច្ចេកវិទ្យាទំនើបៗផងដែរ។ ជាងនេះទៀត ការវិនិយោគបច្ចេកវិទ្យាក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ទៅលើកម្មករកម្មការិនីកម្មការិនី គឺនាំឲ្យក្រុមហ៊ុននេះឈានមុខគេលំដាប់ទី១។
ពាក់ព័ន្ធទៅនឹងការពិនិត្យឧបករណ៍ល្បែងកំសាន្ត ដែលបិទស្លាកថាផលិតនៅកម្ពុជា, សម្ដេចបានមានប្រសាសន៍ថា នេះជាមោទនភាពណាស់ ដែលកម្ពុជាយើងបានឈានដល់ការផលិតឧបករណ៍ ហើយដាក់ឈ្មោះថាផលិតនៅកម្ពុជា ហើយនាំចេញទៅប្រើប្រាស់ នៅស្រុកក្រៅ។ ពាក់ព័ន្ធនឹងបញ្ហាកំពូលឆ្លាត សម្ដេចតេជោ បានមានប្រសាសន៍ថា វាជាសំណាងណាស់ដែលរោងចក្រ នាំមកនូវការផលិតកំពូលវៃឆ្លាតនៅកម្ពុជា ហើយកំពុងតែប្រើប្រាស់អំពូលនេះនៅខេត្តមួយចំនួន ហើយទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប ។ សម្ដេចតេជោ ក៏មានប្រសាសន៍ផងដែរ ពាក់ព័ន្ធនឹងអំពូលនេះ កម្ពុជាគឺមានប៉ូល បី, គឺប៉ូលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ , ក្នុងន័យនេះយើងគប្បីប្រើអំពូលឆ្លាតនេះ នៅខេត្តព្រះសីហនុផងដែរ ដើម្បីជាកត្តាជួយកាត់បន្ថយ ការចំណាយថាមពលអគ្គិសនីផងជួយបរិស្ថានផង និងលើកទឹកចិត្ត ក្រុមហ៊ុនដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាផង ។ សម្ដេចតេជោក៏បានជម្រាបជូនប្រតិភូ របស់ក្រុមហ៊ុនមីនីបៀផងដែរ នូវគោលនយោបាយរបស់ រដ្ឋាភិបាលកម្ពុជា ដែលកំពុងតែធ្វើកំណែទម្រង់ កាត់បន្ថយតម្លៃសម្រាប់ការផលិត, សម្រាប់ការដឹកជញ្ជូន ដើម្បីធ្វើយ៉ាងណាសម្រួលការវិនិយោគ ឱ្យអ្នកវិនិយោគមកកាន់កម្ពុជា បានទទួលជោគជ័យនិងមានភាពងាយស្រួល៕





