រាជធានីភ្នំពេញនឹងបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ទាំងអស់មេត្តាជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បី សម្រួលលំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹកតទៅ ។ ស្ពានកំណោងថ្មីនេះ មានប្រវែង ២០០ម៉ែត្រ ទទឹង ៥,២៥ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរ ពីមហាវិថីចោមចៅឡើងលើស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរឆ្ពោះទៅ ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ការដ្ឋានសាសង់សម្រេចបានលទ្ធផល៩២%គ្រោងនឹងបញ្ចប់ការសាងសង់នៅខមីនា ឆ្នាំ២០២២ ខាងមុខ ហើយមកដល់ពេលនេះ បានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាស និងផ្លូវក្រោមដីបានចំនួន ៥ខ្សែ ក្នុងចំណោម៨ខ្សែ នៃគម្រោង ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងសហការចូលរួមគោរពច្បាប់ចរាចរផ្លូវគោក ដោយសេចក្ដីអនុគ្រោះ ។





