ក្រសួងប្រៃសណីយ៍ជូនដំណឹងស្តីពីការផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ”ឆ្នាំ២០២២
រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅថ្ងៃទី ៣០ខែធ្នូឆ្នាំ ២០២១បានចេញសេចក្តីដំណឹងមួយស្តីពីការផ្តល់“អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – Techo Digital Talent Scholarship” ចំនួន១៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២២។
យោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់លើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារីក្នុងយុគសម័យ ឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – Techo Digital Talent Scholarship” ចំនួន១០០កន្លែងកាលពីឆ្នាំសិក្សា២០២១ និងបន្តផ្តល់បន្ថែម១៥០កន្លែង ក្នុងឆ្នាំសិក្សា២០២២នេះ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលរយៈពេល៤ឆ្នាំ នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ។
សេចក្តីជូនដំណឹងនេះបានបញ្ជាក់ដែរថាការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧៕ដោយ៖ម៉ាដេប៉ូ

