កីឡាការិនីសូហ្វតិន្នីស ម៉េត ម៉ារីយាន អះអាងថា ស៊ីហ្គេមនៅកម្ពុជា មេដាយប្រាក់និងមាសជាទិសដៅត្រូវតែប្រជែងដណ្តើមឲ្យបាន

កីឡាការិនីសូហ្វតិន្នីសកម្ពុជា ម៉េត ម៉ារីយាន ម្ចាស់មេដាយសំរិទ្ធ ស៊ីហ្គេមនៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ កំពុងតែបង្កើនការហ្វឹកហាត់ជាមួយមិត្តរួមក្រុមជម្រើសជាតិ ដើម្បីសម្រួចដុះខាត់បច្ចេកទេស ត្រៀមខ្លួនចូលរួមប្រជែងមេដាយកម្រិតអន្តរជាតិនានា ក្នុងឆ្នាំ២០២២ និង ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


កីឡាការិនីវ័យ១៨ឆ្នាំរូបនេះ លើកឡើងថា ចាប់តាំងពីឆ្នាំ២០១៦មក ការប្រជែងលើឆាកអន្តរជាតិ នាងធ្លាប់ឈ្នះមេដាយមកជូនកម្ពុជាជាច្រើនគ្រឿង ក្នុងនោះមានមេដាយប្រាក់ និងសំរិទ្ធផងដែរ។

ប៉ុន្តែអ្វីដែលនាងសោកស្តាយបំផុតនោះ គឺ ការប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០នៅប្រទេសហ្វីលីពីន នាងប្រជែងដណ្តើមបានត្រឹមមេដាយសំរិទ្ធប៉ុណ្ណោះ ដោយចាញ់កីឡាការិនីម្ចាស់ផ្ទះ បាត់បង់ឱកាសឡើងទៅប្រជែងដណ្តើមមេដាយមាស។ ចំពោះការរងបរាជ័យក្នុងព្រឹត្តិការណ៍កម្រិតតំបន់មួយនេះ នាងចាត់ទុកជាបទពិសោធន៍មួយ ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាពបន្ថែមលើចន្លោះខ្វះខាត ត្រៀមខ្លួនសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រជែងដណ្តើមឲ្យបានមេដាយប្រាក់ឬមាសជូនកម្ពុជាក្នុងនាមជាកីឡាការិនីសហ្វតិន្នីសម្ចាស់ផ្ទះ។


កីឡាការិនី ម៉េត ម៉ារីយាន បានចូលប្រឡុកក្នុងអាជីពជាកីឡាការិនីសហ្វតិន្នីសក្នុងឆ្នាំ២០១៦ មានរយៈពេល៦ឆ្នាំហើយ ធ្លាប់ដណ្តើមបានមេដាយសំរិទ្ធ និងប្រាក់ជាច្រើនគ្រឿងពីព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិ ក្នុងនោះក៏មានមេដាយសំរិទ្ធមួយគ្រឿង ដណ្តើមបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីនក្នុងឆ្នាំ២០១៩ផងដែរ៕ អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner