បុរសម្នាក់ទៅឆក់ត្រី តែត្រូវឆក់ស្លាប់ដោយខ្លួនឯង នៅដងទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បុរសអ្នកនេសាទម្នាក់ បានចេញទៅបំពេញរបររកត្រី នៅលើផ្ទៃទឹកទន្លេសេសាន ដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី ដែលជាឧបករណ៍ច្បាប់ហាមឃាត់ តែមិនទាន់ឆក់បានត្រីផង ភ្លាត់ស្នៀតក៏ត្រូវឆក់ចរន្ដភ្លើងអាគុយស្លាប់ដោយខ្លួនឯង។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលស្រុកសេសាន បានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងនេះភ្លាម អធិការនគរបាលស្រុក បានសុំគោលការពីថ្នាក់លើ និងទទួលបានការអនុញ្ញាតពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជា សុភ័ក្ត្រ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសេសាន បានសហការជាមួយ មន្ត្រីមណ្ឌលសុខភាពកំភុន ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសាមឃួយ ជំទប់ទី២ឃុំសាមឃួយ និងលោកមេភូមិស្រែតាប៉ាន បានចុះពិនិត្យសាកសពជនរងគ្រោះ ឈ្មោះ សុខ ហូត និងនៅក្រោយការពិនិត្យ បានរកឃើញថា មានស្នាមឆេះត្រង់ចំណុចគល់ចង្កេះខាងស្ដាំ មានស្នាមឆេះរបកត្រង់កំភួនដៃស្ដាំ និងឆេះរបកត្រង់កដៃស្ដាំ ជាស្នាមឆក់ចរន្តភ្លើងអាគុយ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា តាមការរៀបរាប់របស់ឈ្មោះ សុខ ថែ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាបងប្រុសបង្កើតរបស់សព បានបំភ្លឺថា នៅល្ងាចថ្ងៃទី១ មករា ឆ្នាំ២០២២ នៅចំណុចចម្ការដូង ស្ថិតក្នុងភូមិស្ដៅ១ ឃុំស្ដៅ ស្រុកសេសាន ជនរងគ្រោះបានហូបបាយជុំគ្នាជាមួយក្រុមគ្រួសារនៅចម្ការ លុះដល់ម៉ោង៨យប់ ប្អូនឈ្មោះ សុខ ហូត បានប្រាប់ថា ទៅដោតនុយសន្ទូច ឯគាត់ក៏បានចូលដេក។ លោកបន្តថា លុះដល់ម៉ោង ២រំលងអាធ្រាត្រ គាត់បានក្រោកពីដំណេក ហើយម៉ែគាត់បានដើរមកប្រាប់ថា មិនឃើញប្អូនឯងមកវិញសោះ។

លោកថា ខណៈនោះគាត់ក៏បានចុះទូកទៅមើលសន្ទូច និងតាមរកប្អូនរហូតដល់ម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ពេលនោះ គាត់ក៏បានឃើញពន្លឺភ្លើងគូមភ្លឺបញ្ចាំងឡើងលើ គាត់(បងប្រុស សុខ ហូត) ក៏បានបើកទូកទៅមើល ស្រាប់តែឃើញប្អូនគាត់ កំពុងដេកស្លាប់នៅជាប់ច្រាំងទន្លេ ចំណុចថ្មដា នៅក្នុងភូមិស្តៅ ឃុំស្ដៅ ដោយអាគុយ និងក្បាលឆក់នៅលើទូក ចំណែកដងឆក់ត្រូវបានគៀបជាប់នឹងក្លៀកខាងស្ដាំ ជើងសងខាងនៅក្នុងទឹក ដងខ្លួនដេកផ្ងារ នៅលើគោកច្រាំងទន្លេ គាត់ក៏បានដកភ្លើងអាគុយចេញ ហើយលើកសាកសពដាក់លើទូកដឹកយកមកភូមិវិញ និងដោយមានការភ័យខ្លាច អាគុយ និងក្បាលឆក់ ត្រូវបានបោះចោលក្នុងទឹកទន្លេបាត់។

ឆ្លងតាមការត្រួតពិនិត្យសាកសព គ្រូពេទ្យនៃមណ្ឌលសុខភាពកំភុន និងសមត្ថកិច្ចនគរបាលជំនាញ បានសន្និដ្ឋានថា សាកសពជនរងគ្រោះ បានស្លាប់ដោយសារឆក់ចរន្ដភ្លើងអាគុយ ដោយបណ្ដាលមកពីមានការធ្វេសប្រហែស ។ ចំពោះការស្លាប់នេះ គឺគ្មានការពាក់ព័ន្ធនឹងបទល្មើសធ្វើឃាតនោះទេ។ ចំណែក សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner