ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវអោយមានសន្តិភាពប្រកបដោយនិរន្តរភាពនៅលើឧបទ្វីបកូរ៉េ
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចែអ៊ីន នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង ខណៈដែលលោកបានថ្លែងសុន្ទរកថាចុងក្រោយសម្រាប់ឆ្នាំថ្មី មុនពេលចាកចេញពីតំណែងក្នុងខែឧសភាខាងមុខនេះ។
លោក មូន បាននិយាយថា កូរ៉េខាងត្បូងនៅតែមានផ្លូវវែងឆ្ងាយដើម្បីឆ្ពោះទៅរកការកែលម្អទំនាក់ទំនងអន្តរកូរ៉េ បើទោះបីជាមានសមិទ្ធផលជាច្រើនក្នុងអំឡុងពេលអាណត្តិ ៥ឆ្នាំរបស់លោកក៏ដោយ ដោយលោកបានបន្ថែមថា លោកនឹងបន្តផ្លូវដែលមិនអាចត្រឡប់ក្រោយវិញបានទៅកាន់សន្តិភាពនៅលើឧបទ្វីបកូរ៉េ រហូតដល់អាណត្តិរបស់លោកត្រូវបញ្ចប់។ លោក មូន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ប្រសិនបើយើងបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការនោះ សហគមន៍អន្តរជាតិនឹងឆ្លើយតប។ រដ្ឋាភិបាលនឹងបន្តការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងអន្តរកូរ៉េ និងផ្លូវដែលមិនអាចត្រឡប់ក្រោយវិញបានទៅកាន់សន្តិភាពរហូតដល់ទីបញ្ចប់… ខ្ញុំសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងសម្រាប់ការសន្ទនានឹងបន្តនៅក្នុងរដ្ឋបាលបន្ទាប់ផងដែរ។
គួរបញ្ជាក់ថា សុន្ទរកថារបស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានកើតមានឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបញ្ចប់កិច្ចប្រជុំភាគីសំខាន់មួយ ប៉ុន្តែបានផ្អាកមួយរយៈពេលខ្លីក្នុងការផ្តល់ឱ្យពិភពលោកខាងក្រៅនូវតម្រុយថ្មីៗ ចំពោះគោលនយោបាយសំខាន់ៗរបស់ខ្លួន ទាក់ទងនឹងទំនាក់ទំនងអន្តរកូរ៉េ និងកិច្ចចរចាលុបបំបាត់នុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក៕ ប្រភព៖ CGTN


