ក្រុមហ៊ុនសេវាទូរស័ព្ទន័រវែស Telenor នឹងចាកចេញពីមីយ៉ាន់ម៉ា លក់ភាគហ៊ុនឱ្យក្រុមហ៊ុនសិង្ហបុរី

ក្រុមហ៊ុនផ្គត់​ផ្គង់​​សេវា​​​ប្រព័ន្ធ​ទូរគមនាគមន៍​ន័រវែស Telenor បាន​ព្រមព្រៀង​លក់​ភាគ​ហ៊ុនចំនួន​​ ៥១% របស់​ខ្លួន ដែល​មាន​នៅ​ក្នុង​ក្រុមហ៊ុន​ Wave Money ដែល​ជា​ក្រុមហ៊ុន​បង់ប្រាក់​តាម​ទូរស័ព្ទ​ដៃ​ដ៏​ធំ​ជាង​គេ​នៅ​មីយ៉ាន់ម៉ា ទៅ​កាន់​ក្រុមហ៊ុន​សាជីវកម្ម​យុទ្ធសាស្ត្រ​ Yoma (YSH) ដែល​ចុះ​បញ្ជី​នៅ​ប្រទេស​សិង្ហបុរី។ ក្រុមហ៊ុន​ YSH នេះ​ដែរ​ក៏​ជា​ក្រុមហ៊ុន​ដៃ​គូ​ដ៏​ធំ​នៅ​ក្នុង​ក្រុមហ៊ុន​មីយ៉ាន់ម៉ា Wave Money ផង​ដែរ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នីកេ ក្រុមហ៊ុន​ន័រវែស​នេះ​នឹង​លក់​នៅ​ក្នុង​តម្លៃ ៥៣លាន​ដុល្លារ​ក្នុង​តម្លៃ​ជា​លុយ​សុទ្ធ និង​តម្លៃ ១០៤លាន​ដុល្លារ​ ដែល​ជា​តម្លៃ​នៅ​ក្នុង​លុយ​នៅ​កម្មវិធី Wave Money។ កិច្ចព្រមព្រៀង​ក្នុង​ការ​លក់​នេះ​នឹង​ធ្វើ​ការ​ចុះ​ហត្ថលេខា​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

តាម​ពិត​ទៅ ក្រុមហ៊ុន Yoma នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដឹកនាំ​ដោយ​សេដ្ឋី​ភូមា​កាត់​ចិន លោក Serge Pun មាន​ចំណែក ៤៩% រួច​មក​​ហើយ​នៅ​ក្នុង​ក្រុមហ៊ុន Wave Money។ ក្រុមហ៊ុន​មួយ​នេះ​ប្រកាស​ថា​នឹង​យក​ចំណែក​របស់​ក្រុមហ៊ុន Telenor តាំង​ពី​ឆ្នាំ២០២០ តែ​នៅ​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ដាច់​ស្រេច​ទេ រហូត​មក​ដល់​ពេល​នេះ។

ការ​លក់​ភាគ​ហ៊ុន​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ ការ​ព្យាយាម​ក្នុង​ការ​ចាកចេញ​ពី​មីយ៉ាន់ម៉ា​ឱ្យ​ដាច់​ស្រេច ក្រោយ​ពី​ក្រុមហ៊ុន Telenor ដែល​ធ្វើ​ជំនួញ​​ផ្នែក​ប្រព័ន្ធ​ទូរស័ព្ទ​​នៅ​មីយ៉ាន់ម៉ា​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​ឈប់​ប្រត្តិបត្តិការ​​នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ បន្ទាប់​ពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​យោធា​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ២០២១។

ក្រុមហ៊ុន​ដែល​មាន​ការ​ចូល​ភាគ​ហ៊ុន​ចំនួន ៥៤% ពី​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ព្យាយាម​លក់​ក្រុមហ៊ុន​ទាំង​មូល ដែល​ប្រតិបត្តិការ​នៅ​មីយ៉ាន់ម៉ា​ទៅ​កាន់​ក្រុមហ៊ុន​លីបង់ M1 Group បន្ទាប់​ពី​ខ្លួន​សង​បំណុល​រួចរាល់​អស់​ប្រមាណ ៧៨២លាន​ដុល្លារ។

ក្រុមហ៊ុន M1 Group នេះ​ជា​ក្រុមហ៊ុន​បង្កើត​ដោយ​នាយករដ្ឋមន្ត្រី​លីបង់​លោក Najib Mikati ដែល​កំពុង​តែ​កាន់​តំណែង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ និង​បងប្រុស​របស់​លោក​ឈ្មោះ​ថា​ Taha Mikati។

យ៉ាងណាមិញ កិច្ចព្រមព្រៀង​ក្នុង​ការ​លក់​ក្រុមហ៊ុន​នេះ​ហាក់​បី​ដូច​ជា​បង្អាក់​ដោយ​អាជ្ញាធរ​យោធា​មីយ៉ាន់ម៉ា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​នេះ។ មាន​ការ​ចុះ​ផ្សាយ​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​យោធា​មីយ៉ាន់ម៉ា​មាន​បំណង​ចង់​ឱ្យ​ក្រុមហ៊ុន Telenor លក់​ទៅ​កាន់​ក្រុមហ៊ុន​ណា ដែល​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក។

សារព័ត៌មាន​នីកេ​បាន​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​សិង្ហបុរី Yoma ក៏​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​ទិញ​ក្រុមហ៊ុន​របស់​ន័រវែស​ផង​ដែរ។

ចំពោះ​ការ​លក់​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ Telenor នៅ​ក្នុង​ក្រុមហ៊ុន​ទូទាត់​ប្រាក់ Wave Money នេះ​វិញ មាន​ប្រភព​ដែល​បាន​ដឹង​ពី​រឿង​ជំនួញ​នេះ​បាន​ឱ្យ​ដឹង​ថា ខាង​យោធា​ហាក់​បី​ដូច​ជា​ធ្វើ​ទុក្ខបុកម្នេញ​ប៉ុន្មាន​នោះ​ទេ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​នីកេ។

ក្រៅ​ពី​នេះ​ផង​ដែរ ​មតិ​លើកឡើង​ពី​សកម្មជន​នានា​បាន​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ ពាក់ព័ន្ធ​នឹង​ការ​តាម​ដាន​ និង​រឹតត្បិត​នានា​ពី​សំណាក់​អាជ្ញាធរ​យោធា ក្រោយ​ពេល​ដែល​ក្រុមហ៊ុន Telenor ចាកចេញ​ទៅ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner