មន្ត្រីបច្ចេកទេសផ្លូវកម្ពុជាស្រង់បទពិសោធន៍ពីក្រុមហ៊ុនជប៉ុនដែលជួសជុលផ្លូវដែលងាយ ចំណាយតិច តែមានគុណភាព

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសផ្លូវថ្នល់កម្ពុជាបានទៅស្រង់បទពិសោធន៍ពីក្រុមហ៊ុនCTII របស់ជប៉ុនដែលជួសជុលផ្លូវដែលងាយ ចំណាយតិច តែមានគុណភាពអាចប្រើបានយូរ។ ក្រុមហ៊ុនCTII (Construction  Technology Institution International ) របស់ជប៉ុនបានមកសាកល្បងដំបូងនៅប្រទេសកម្ពុជា ដោយជួសជុលផ្លូវជាតិលេខ៥ប្រវែងជាង៥៤៣ម៉ែត្រ សងខាងស្ពានសែសិន ក្នុងសង្កាត់រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ ។

តំណាងក្រុមហ៊ុនCTII លោកកាជេម៉ាសា(Mr.KAGEMASA) លោកអូកាម៉ាតូ(Mr OKAMATO) ថ្លែងថា៖ បច្ចេកទេសជួសជុលផ្លូវកៅស៊ូបែបនេះងាយស្រួល អាចធ្វើបាននៅគ្រប់កន្លែង ហើយកាត់បន្ថយចំណាយ៤០_៥០% បើប្រៀបធៀបនឹងការស្ថាបនាថ្មី។ លោកបានបន្ថែមថា៖ ការជួសជុលផ្លូវក្រាលកៅស៊ូប្រើរូបមន្តរបស់ក្រុមហ៊ុនគឺភ្ជួរថ្នល់ចាស់ដែលខូច ដោយមិនបាច់យកបន្សំវត្ថុធាតុសំណង់ឬអ្វីៗចាស់ពីទ្រូងនៃគ្រឹះផ្លូវឡើយ ដោយគ្រាន់តែកិនបង្ហាប់ កៀរលើកទ្រូងនិងស្ថាបនាឡើងវិញដោយផ្សំជាមួយវត្ថុធាតុសំណង់គឺសុីម៉ង់ត៍ និងទឹកកៅស៊ូអេម៉ូសិនរបស់ក្រុមហ៊ុន។

លោកបណ្ឌិតយិត ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសាធរណការ និងដឹកជញ្ជូន លោកគឹម សុវណ្ណ ប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្ត និងមន្ត្រីបច្ចេកទេសចូលរួមពិនិត្យ សិក្សា ស្រង់ពិសោធន៍ពីរូបមន្តនេះ ។
លោកបណ្ឌិតបាននិយាយថា៖ រូបមន្តនៃបច្ចេកទេសជួសជុលផ្លូវកៅស៊ូបែបនេះ ខាងក្រុមហ៊ុនថា អាចចំណេញលើចំណាយដូចខាងលើ ហើយសមត្ថភាពទ្រូងផ្លូវអាចធានាការប្រើប្រាស់បានពី៨ទៅ១០ឆ្នាំ ។

លោកយឹត ប៊ុណ្ណា បន្តថា៖ ក្រសួងគិតថាស្ថានភាពផ្លូវថ្នល់កៅស៊ូនៅកម្ពុជាគឺរងការខូចខាតច្រើន  ហើយសមត្ថភាពនិងលទ្ធភាពប៉ុណ្ណឹង យើងអាចធ្វើបាន។ នេះជាប្រយោជន៍ពីរូបមន្តថ្មីដែលថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសពីក្រសួង ពីមន្ទិរសាធារណការ និងដឹកជញ្ជូនចុះមកឈ្វេងយល់ សិក្សា និងអាចយកទៅប្រើប្រាស់នាអនាគត។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាននិយាយថា ៖ ក្នុងនាមអាជ្ញាធរខេត្ត លោកសូមស្វាគមន៍និងថ្លែងអំណរគុណក្រុមហ៊ុនCTII ដែលធ្លាប់ជួយជួសជុលផ្លូវ និងបង្កាន់ដៃផ្លូវនៅស្ពានទឹកថ្លានិងជួសជុលផ្លូវនៅស្ពានសែសិននាក្រុងសិរីសោភ័ណនេះ។
លោកបានសំណូមពរដល់ក្រុមហ៊ុន ប្រើរូបមន្តនៃបច្ចេកទេស និងវត្ថុធាតុដើមបែបនេះ សាកល្បងជួសជុលផ្លូវដែលខូចខាតនៅកន្លែងផ្សេងទៀតក្នុងខេត្ត៕ធ.ដ

ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner