ប្រមុខការបរទេសអឺរ៉ុបនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ជួរមុខអ៊ុយក្រែន ចំពេលមានភាពតានតឹងជាមួយរុស្ស៊ី

ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសេប បូរែល គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ជួរមុខរបស់អ៊ុយក្រែនក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញការគាំទ្រដល់ទីក្រុងគៀវ នៅចំពោះមុខការដាក់ពង្រាយកងយោធារបស់រុស្ស៊ីនៅតាមព្រំដែនរបស់អ៊ុយក្រែន។

ប្រភពបានអោយដឹងថា លោក បូរ៉ែល ដែលនឹងជួបជាមួយមន្ត្រីអ៊ុយក្រែននៅទីក្រុងគៀវ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវថា ការពិភាក្សាណាមួយអំពីសន្តិសុខអឺរ៉ុបត្រូវតែកើតឡើងនៅក្នុងការសម្របសម្រួលជាមួយនឹងការចូលរួមរបស់សហភាពអឺរ៉ុប។ ប្រភពបានអោយដឹងទៀតថា លោក បូរ៉ែល ក្នុងដំណើរទស្សនកិច្ចរបស់លោក នឹងទៅទស្សនា “ខ្សែទំនាក់ទំនង” ជាទីដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនប្រឈមមុខនឹងក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី។

សូមបញ្ជាក់ថា ភាពតានតឹងបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលលោកខាងលិចបានព្រមានថា ទីក្រុងម៉ូស្គូអាចនឹងរៀបចំផែនការឈ្លានពានពេញទំហឹងពីប្រទេសជិតខាងរបស់ខ្លួន បន្ទាប់ពីបានប្រមូលផ្តុំកងទ័ពប្រហែល ១០ម៉ឺននាក់នៅព្រំដែន។ មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក និងរុស្ស៊ី គ្រោងនឹងបើកកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅទីក្រុងហ្សឺណែវ ស្តីពីវិបត្តិអ៊ុយក្រែនផងដែរ ដែលនឹងចាប់ផ្តើមពីថ្ងៃអាទិត្យសប្តាហ៍នេះ បន្ទាប់ពីវិមានក្រឹមឡាំងបានចេញសំណើទាមទារមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner