បុរសម្នាក់ សង្ស័យប្រេីរប្រាសគ្រឿងញៀនហួសកម្រិតឡើងទៅលេីផ្ទះ ប៉ងលោតសម្លាប់ខ្លួនរបូតដៃធ្លាក់មកក្រោមបោកនឹងផ្លូវរបួសបែកក្បាលធ្ងន់ធ្ងរ

ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យថាប្រេីរប្រាសគ្រឿងញៀនហួសកម្រិត បានឡើងទៅលើផ្ទះជួលកម្ពស់៣ជាន់ ប៉ុនប៉ងលោតសម្លាប់ខ្លួនរបូតដៃធ្លាក់ចុះមកក្រោមបោកនឹងផ្លូវថ្នល បណ្តាលឱ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនដឹកទៅជួយសង្គ្រោះភ្លាមៗ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះជួលកម្ពស់៣ជាន់ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីបងថ្លៃជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សា ម៉ន អាយុ ៣១ឆ្នាំ មុខរបករើសអេតចាយ ធ្លាប់ប្រើប្រាស់គ្រឿងញៀនស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពត ហើយមុនពេលកើតហេតុ ជនរងគ្រោះមានទាស់ពាក្យសំដីបន្តិចបន្តួចជាមួយបងប្អូនផងដែរ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើបានឡើងទៅលើផ្ទះជួលដែលមានកំពស់បីជាន់ រួចបានឡើងទៅជាន់លើបំផុតតោងបង្កាន់ដៃដែកដាក់ជើងចេញមកខាងជាន់លើប្រហាដែកខាងក្រៅប៉ុនប៉ងលោតចុះមកក្រោម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកជិតខាង ក៏ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការលួងលោមជនរងគ្រោះឱ្យឡើងមកវិញ ប៉ុន្តែជនរងគ្រោះមិនព្រមឡើយរហូតក៏របូតដៃធ្លាក់មកក្រោមបោកនឹងផ្លូវថ្នល បណ្ដាលឱ្យរងរបួសបែកក្បាលធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយមន្ទីរពេទ្យឯកជនដឹកយកទៅជួយសង្គ្រោះភ្លាមៗ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនតាមរថយន្តសាមុយឯកជនយកទៅសង្គ្រោះព្យាបាលបឋមហេីយមិនទាន់ដឹងថាស្លាប់ឬរស់យ៉ាងណានោះទេ៕ ដោយ៖ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner