ពូសាច់ថ្លៃម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារយកដបសាំងដុត ប្អូនថ្លៃ ព្រោះខឹងមិនឲ្យតម្លៃខ្លួន
កណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់និងប្រជាការពារ ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកដបសាំងទៅដុតលើប្អូនថ្លៃរបស់ខ្លួនដោយសារកំហឹងខឹងប្អូនថ្លៃមិនឲ្យតម្លៃខ្លួន ។ ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០និង២០នាទី ចំណុចមុខផ្ទះជនរងគ្រោះ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
នគរបាលបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធី សំអូន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងឈើ ។ ជនសង្ស័យឈ្មោះ ស្រេង ឃុន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិ ព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ ។
នគរបាលបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះនិងក្រុមគ្រួសារព្រមទាំងបងប្អូនកំពុងតែឈរនិយាយគ្នាលេងនៅមុខផ្ទះ ពេលនោះស្រាប់តែជនសង្ស័យដែលត្រូវជាពូសាច់ថ្លៃដែលនៅផ្ទះជិតគ្នាបានដើរមកដោយមានកាន់ដបសាំងនៅនិងដៃផងបាននិយាយថា ជនរងគ្រោះនិងបងប្អូនមិនដែលឱ្យតំលៃខ្លួនទេ និងបាននិយាយគំរាមរកដុតសម្លាប់ជនរងគ្រោះនិងក្រុមគ្រួសារទៀតផង ទើបបណ្តាលឱ្យមានការឈ្លោះប្រកែកគ្នារហូតដល់ជនសង្ស័យយកដបសាំងដែលកាន់នៅដៃចាក់ជះទៅលើខ្លួនជនរងគ្រោះរួចយកដែកកេះដុត បណ្តាលអោយឆាបឆេះរលាកខ្លួនជនរងគ្រោះមួយចំហៀងខ្លួនខាងឆ្វេង និងខ្ទាតសាំងចំត្របកភ្នែកកូនតូចរបស់ជនរងគ្រោះផងដែរ ។
ភ្លាមនោះមេភូមិនិងប្រជាការពារបានឃាត់ខ្លួនជនសង្ស័យប្រគល់ជូននគរបាលប៉ុស្តិ៍កំពង់សំណាញ់ធ្វេីការសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគបាលក្រុងតាខ្មៅដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ ឆ ដា




