ក្រុមអ្នកនាំពាក្យ គ.ជ.ប បំភ្លឺលើការបំពេញ និងប្រើប្រាស់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតរបស់គណៈកម្មការការិយាល័យបោះឆ្នោត

កន្លងមកថ្មីៗនេះ មានការបារម្ភរបស់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត អំពីការមិនអាចធានាបាននូវការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រសិនបើភ្នាក់ងារគណបក្សនយោបាយដែលបានចូលរួមតាមដានសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត មិនអាចទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅការិយាល័យបោះឆ្នោត ហើយការវេចខ្ចប់កញ្ចប់សុវត្ថិភាព “ក“ ធ្វើឡើងដោយមិនត្រឹមត្រូវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។

ក្រុមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើការបំភ្លឺដូចខាងក្រោម៖
យោងមាត្រា១៣២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ដូចចែងក្នុងមាត្រា១៣១ នៃច្បាប់នេះគឺ ត្រូវធ្វើជា ០៣ (បី) ច្បាប់៖
• មួយច្បាប់ផ្ញើជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ដោយភ្ជាប់មកជាមួយនូវបញ្ជីឈ្មោះអ្នកបោះឆ្នោត គល់បញ្ជីសន្លឹកឆ្នោតដែល បានប្រើសន្លឹកឆ្នោតមិនបានប្រើ សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតពុំបានការ សន្លឹកឆ្នោតខូច ត្រាសម្ងាត់សម្រាប់ការិយាល័យបោះឆ្នោត ពាក្យបណ្ដឹងជំទាស់ ឬតវ៉ា ប្រសិនបើមាន (ក្នុងការអនុវត្តបច្ចេកទេស ឯកសារទាំងនេះត្រូវដាក់ក្នុងកញ្ចប់សុវត្ថិភាព “ក“) ហិបឆ្នោត និងឯកសារ សម្ភារ ឧបករណ៍ចាំបាច់ផ្សេងទៀត ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ក្នុងការអនុវត្តបច្ចេកទេស របស់ទាំងនេះត្រូវវេចខ្ចប់ដោយឡែក)។
• មួយច្បាប់បិទផ្សាយជាសាធារណៈ នៅការិយាល័យរាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត។
• មួយច្បាប់បិទផ្សាយជាសាធារណៈនៅទីស្នាក់ការ គឃ.សប រហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត។

តាមបញ្ញត្តិដូចបានបញ្ជាក់ជូនខាងលើ និងក្នុងគោលបំណងដើម្បីពង្រឹងលក្ខខណ្ឌបច្ចេកទេសក្នុងការអនុវត្តមាត្រា១៣២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប បានបង្កើតប្រភពផ្សព្វផ្សាយចំនួនបី ដែលភ្នាក់ងារគណបក្សនយោបាយអាចទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅថ្ងៃបោះឆ្នោត ៖
ទី១. កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) មានបិទផ្សាយនៅមុខការិយាល័យរាប់សន្លឹកឆ្នោត។ ភ្នាក់ងារគណបក្សអាចកត់ត្រា ឬ/និងថតទុកក្នុងទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។
ទី២. នៅពេលបញ្ជូនកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ទៅដល់ គឃ.សប ឯកសារនេះនឹងត្រូវចុះហត្ថលេខា ចុះកាលបរិច្ឆេទ និងបោះត្រាបញ្ជាក់ការទទួល ដោយប្រធាន គឃ.សប បន្ទាប់មក កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នេះ នឹងត្រូវបានស្កេនបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត រួចបោះពុម្ពចេញដើម្បីចែកជូនភ្នាក់ងារគណបក្សនយោបាយ ដែលមានវត្តមាន។
ទី៣. នៅពេលដែលឯកសារទាំងអស់ ត្រូវបានស្កេនបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោតហើយ ភាគីពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋអាចរកមើលឃើញរូបថតទម្រង់បែបបទ ដែលជាឯកសារមូលដ្ឋាន សម្រាប់ការត្រួតពិនិត្យ ផ្ទៀតផ្ទាត់ និង បូកសរុបលទ្ធផលនៃការបោះឆ្នោត ក្នុងឃុំ សង្កាត់ទាំងអស់ទូទាំងប្រទេសនៅក្នុងគេហទំព័រ គ.ជ.ប។

ចំពោះការវេចខ្ចប់ ការប្រគល់ និងទទួលកញ្ចប់សុវត្ថិភាព “ក“ ពុំមានអ្វីប្រែប្រួលខុសពីការបោះឆ្នោតមុនៗទេ។ គ.ជ.ប គ្រាន់តែពង្រឹងយន្តការ និងកែសម្រួលលំហូរការងារឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពប៉ុណ្ណោះ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner