គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងធ្វើសមាជនៅពាក់កណ្តាលខែមករា ដើម្បីជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធាន
ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងធ្វើសមាជនៅពាក់កណ្តាលខែមករា ឆ្នាំ២០២២នេះ ដើម្បីបោះឆ្នោតជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះរាជបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ខណៈដែលក្រុមលោក សាយ ហាក់ លោក ហេង ចន្ថា លោកផាន់ សិទ្ធី លោក ញ៉េប ប៊ុនជិន អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ក៏គ្រោងនឹងធ្វើសមាជដូចគ្នាដែរ ដើម្បីជ្រើសតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ 
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ ប្រាប់ AMS នៅព្រលប់ថ្ងៃទី៦ ខែមករា នេះថា “សមាជគណបក្សហ៊្វុនស៊ិនប៉ិច នឹងធ្វើនៅពាក់កណ្តាលខែមករា ខាងមុខនេះ ដោយគណបក្សបានកំណត់ច្បាស់ហើយ គឺសមាជនេះនឹងថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គឺធ្វើទៅតាមព្រះតម្រិះដ៏ថ្លៃថ្លារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តាមរយៈលិខិតផ្ទេរសិទ្ធិ ហើយសមាជនេះនឹងធ្វើទៅតាមព្រះតម្រិះរបស់សម្តេចក្រុមព្រះ”។
បើតាមប្រភពច្បាស់ការណ៍បានឱ្យដឹងថា ក្រុមលោក សាយ ហាក់ ក៏គ្រោងនឹងរៀបចំសមាជនៅពេលឆាប់ៗនេះដែរ ដើម្បីជ្រើសតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ លោក ផាន់ សិទ្ធី បានឱ្យដឹងថា គណៈកម្មការនាយកមិនទាន់កំណត់ថ្ងៃច្បាស់លាស់ ធ្វើសមាជនៅឡើយទេ ប៉ុន្តែគ្រោងនឹងធ្វើនៅពេលឆាប់ៗខាងមុនេះ។ ដោយលោកបានបញ្ជាក់ថា របៀបវារៈសខាន់ គឺជ្រើសរើសប្រធាន អនុប្រធាន ការរៀបចំរចនាសម្ព័ន្ធ គណៈកម្មការនាយក គណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីឱ្យគណបក្សបន្តនិរន្តភាពទៅរកប្រក្រតីវិញ៕
ដោយៈពលជ័យ