ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាបដិសេធនូវការលើកឡើងរបស់អ្នករាយការណ៍ពិសេសពាក់ព័ន្ធការអនុវត្តច្បាប់ទៅលើសកម្មភាពកូដកម្មខុសច្បាប់
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុងនូវការលើកឡើងដោយគ្មានទំនួលខុសត្រូវ និងបង្កការភ័ន្តច្រឡំ ផ្អែកលើព័ត៌មានជ្រើសរើសតែមួយជ្រុង និងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវរបស់អ្នករាយការណ៍ពិសេសចំនួនបួនរូប ពាក់ព័ន្ធការអនុវត្តច្បាប់ទៅលើសកម្មភាពកូដកម្មខុសច្បាប់ដែលបានអូសបន្លាយជាច្រើនសប្ដាហ៍នៅកម្ពុជា។
ចំណាត់ការនានាដែលអាជ្ញាធរកម្ពុជាបានអនុវត្តគឺស្របទៅនឹងច្បាប់ និងមានលក្ខណៈសមាមាត្រ។ ស្ថានបេសកកម្មកម្ពុជា សូមរំលេចនូវតថភាពមួយចំនួនដូចខាងក្រោម៖
1.អ្នករាយការណ៍ពិសេសបាននិយាយយោងអំពីសិទ្ធិធ្វើកូដកម្ម ក៏ប៉ុន្តែពុំបានលើកឡើងទាល់តែសោះអំពីលក្ខខណ្ឌតម្រូវចាំបាច់នានាដែលត្រូវបំពេញមុនកូដកម្មអាចធ្វើឡើង ដោយស្របច្បាប់។ ការពិតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសប្រាប់រួចមកហើយថា បាតុកម្មទាំងនោះពុំស្របច្បាប់ឡើយ។ ទង្វើបែបនេះរបស់អ្នករាយការណ៍ពិសេស ជាន់ឈ្លីសមត្ថកិច្ចជំនាញរបស់គណៈកម្មាធិការទទួលបន្ទុកសេរីភាពបង្កើតសមាគម នៃអង្គការអន្តរជាតិខាងការងារ ដែលទទួលស្គាល់តួនាទីរបស់ស្ថាប័នឯករាជ្យ (ក្រៅពីរដ្ឋាភិបាល) ក្នុងការប្រកាសភាពស្របច្បាប់នៃកូដកម្ម។ លើសពីនេះទៅទៀត ការអត្ថាធិប្បាយរបស់អ្នករាយការណ៍ទាំងនោះ បានលើកឡើងពុំត្រឹមត្រូវថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាភាគីជម្លោះជាមួយបាតុករ។ ធាតុពិត ក្រសួងការងារ គ្រាន់តែដើរតួនាទីជាអ្នកសម្រុះសម្រួលតែប៉ុណ្ណោះ។
2.នៅមុនការអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវយ៉ាងទទូចស្នើឱ្យនយោជិតដែលធ្វើកូដកម្ម ងាកមកចរចាដោយសន្តិវិធី ត្រង់ទៅត្រង់មក និងបញ្ឈប់ការធ្វើបាតុកម្មខុសច្បាប់របស់ខ្លួន ដែលអូសបន្លាយពេលជាច្រើនសប្ដាហ៍ និងគំរាមគំហែងដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។ ការចោទប្រកាន់របស់អាជ្ញាធរបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានភស្ដុតាងរឹងមាំ និងគ្រប់គ្រាន់ រួមទាំងការឆ្លើយសារភាពរបស់កូដករខ្លះ និងប្រភពហិរញ្ញវត្ថុចិញ្ចឹមចលនារបស់តួអង្គបរទេសមួយចំនួន និងដោយអនុលោមតាម មាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវបានតាក់តែងឡើងដោយមានជំនួយពីអ្នកជំនាញពីប្រទេសលោកខាងលិច។ ការចាត់ទុកការអនុវត្តច្បាប់ថា ជាការគាបសង្កត់សិទ្ធិ និងសេរីភាព គឺជាការប្រមាថចំពោះនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះប្រជាពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញទទួលបានការជំនុំជម្រះ រួមទាំងសិទ្ធិទទួលបានមេធាវី ដើម្បីបង្ហាញទឡ្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុះជម្រះតាមនីតិវិធីត្រឹមត្រូវ។
3.អ្នករាយការណ៍ពិសេសទាំងនេះ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងការកំហិតជាពិសេស ដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ ការខកខានថ្លែងដោយចេតនាដូច្នេះ រឹតតែជំរុញផ្តល់កម្លាំងដល់ក្រុមជាក់លាក់ ដែលបានត្រៀមខ្លួនរួចជាស្រេចទាញយកប្រយោជន៍ពីស្ថានការណ៍ កាន់តែគឃ្លើន ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមផ្លាកនៃសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី។ បាតុកម្មខុសច្បាប់ និងបាតុកម្មទទួលថវិកាឧបត្ថម្ភពីបរទេស ដែលបង្អាក់រំខានដល់សណ្ដាប់ធ្នាប់សាធារណៈ ឬធ្វើឱ្យមានភាពវឹកវរក្នុងសង្គម មិនមែនជាការអនុវត្តសេរីភាពប្រមូលផ្ដុំដោយសន្តិវិធី ដែលស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ។
4.បុគ្គលតំាងខ្លួនជាអ្នកជំនាញសិទ្ធិមនុស្សខាងលើ ដែលពុំមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិ ប៉ុន្តែធ្វើការក្នុងសមាសភាពផ្ទាល់ខ្លួន តែងមានអារម្មណ៍យល់ឃើញថា អ្វីៗគួរត្រូវបានអនុវត្តផ្អែកលើទ្រឹស្ដីសិទ្ធិមនុស្សរបស់ខ្លួន។ ក៏ប៉ុន្តែ តើពួកគេនឹងទទួលខុសត្រូវដែរឬទេប្រសិនបើការពិសោធន៍ទស្សនៈរបស់ពួកគេបរាជ័យនោះ? ការអនុវត្តច្បាប់គឺជាប្រការចាំបាច់ ដើម្បីការពារដល់ពលរដ្ឋដែលគោរពច្បាប់ និងបង្ការពីភាពច្រំដែលនៃអតីតកាលដ៏ឈឺចាប់ ខ្លោចផ្សារបស់កម្ពុជា ក៏ដូចជាសោកនាដកម្មនានាដទៃទៀតនៅពេលថ្មីៗនេះ នៅតាមបណ្ដាប្រទេសមួយចំនួន ដែលបណ្ដាលមកពីការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុង ក្រោមហេតុផលសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ជាទីបញ្ចប់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមក្រើនរំលឹកអ្នករាយការណ៍ពិសេសឱ្យគោរព “ក្រមប្រតិបត្តិសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស” និងធ្វើការដោយផ្អែកលើមូលដ្ឋាននៃការពិត ជាជាងការបំភ្លៃព័ត៌មាន។ អ្នករាយការណ៍ពិសេសក៏ត្រូវចៀសវាងពីការធ្វើអត្ថាធិប្បាយនានា ដែលគ្មានទំនួលខុសត្រូវ និងពីការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ដោយពុំលើកឡើងពីការពិត និងពុំមានការផ្ទៀងផ្ទាត់ ចំពោះរដ្ឋអធិបតេយ្យឡើយ៕
ដោយ:ពលជ័យ

