ការស្ដារអូរទាំង៥ខ្សែនឹងអាចដោះស្រាយបាននូវជំនន់ទឹកភ្លៀងជន់លិចក្រុងនៅពេលមានភ្លៀងធំ
ថ្ងៃទី ០៩ ខែធ្នូ គ.ស ២០១៩ ឯឧ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជួន និងរដ្ឋបាលខេត្ដ ព្រះសីហនុ រួមទាំងមន្ត្រីមន្ទីរជំនាញ អង្គភាព សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ដ បានរៀបចំពិធីបើកការដ្ឋានការស្ដារអូរ ៥ខ្សែ ១.អូរឈើទាល ២.អូរអេម៉ារីអូ ៣.អូរសំអាត ៤.អូរអណ្តូងអ៊ុនតាក់ ៥.អូរស្ពានឆេះ ដែលមានប្រវែងជាង ២០គីឡូម៉ែត្រ (២៥.៩៦៧ម៉ែត្រ) ដើម្បីបង្ការបញ្ហាជំនន់ទឹកភ្លៀងលិច ផ្លូវ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ។

នៅក្នុងឱកាសនោះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជួន មានប្រសាសន៍ថា ខេត្ដព្រះសីហនុ ត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ដ ដូចជាការបើកការដ្ឋានសាងសង់ផ្លូវ ៣៤ខ្សែ កន្លងទៅ ថ្មីៗនេះ ហើយថ្ងៃនេះ បានបន្ដបើកការដ្ឋានស្ដារអូរ ប្រឡាយ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមកន្លងទៅមានករណីទឹកភ្លៀង ជន់លិចក្រុងព្រះសីហនុជាបន្តបន្ទាប់។

ឯកឧត្តម ស៊ុន ចាន់ថុល បន្ថែមថា ក្រសួងបានរៀបចំផែនការមេរួចស្រេចហើយក្នុងការគ្រប់គ្រងប្រពន្ធ័បង្ហូរទឹកស្អុយនិងទឹកភ្លៀងនៅក្រុងព្រះសីហនុ។
ទី១.ផែនការស្ដារអូរ ប្រឡាយ ៥ខ្សែ និងទី២.ផែន ការរៀបចំប្រព័ន្ធលូបង្ហូរទឹកកខ្វក់ចូលទៅអាងចម្រោះ ១៦ហិកតា នៅឈើទាល ធ្វើចម្រោះរួចហើយ ទើបបានបង្ហូរទៅសមុទ្រ។ សម្រាប់ផែនការស្ដារប្រឡាយនេះ គឺឯកឧត្ដម បានប្រគល់កិច្ចការនេះទៅលោកប្រធានមន្ទីរសាធារណការ នឹងដឹកជញ្ជួនខេត្ដ ធ្វើការដឹកនាំនឹងតាមដានរាយការជាប្រចាំសប្តាហ៍ជូនទៅថ្នាក់ដឹកនាំ ដើម្បីរួមគ្នាដោះស្រាយ និងអនុវត្ដផែនការនេះឱ្យមាន ប្រសិទ្ធិភាព និងទាន់ពេលវេលា ដោយកំណត់ពេល ៣ខែ ត្រូវធ្វើឱ្យហើយ។ចំពោះផលប៉ះពាល់ស្នើសុំទៅ គណៈបញ្ជាការ ឯកភាពខេត្ដមេត្ដាជួយដោះស្រាយសម្រួលដល់ក្រុមការងារ។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដើម្បីឆ្លើយតបបញ្ហាប្រឈម និងកង្វល់ ខាងលើ រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការស្តារអូរ ប្រឡាយធម្មជាតិ ទាំង៥ ដោយប្រើប្រាស់ថវិកាប្រមាណ ២,៥លានដុល្លារ ដោយទទួលបានការឯកភាពដ៏ខ្ពង់ ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួចហើយ។ ជាមួយគ្នានេះ កាលពីថ្ងែទី០៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹង ដល់បងប្អូន ប្រជាពលរដ្ឋ ដែលបាននិងកំពុងរស់នៅ ឬអាស្រ័យផលលើអូរប្រឡាយធម្មជាតិទាំង៥ របស់រដ្ឋ ឲ្យធ្វើការរុះរើសំណង់ទំាង ឡាយចេញជាបន្ទាន់ ដើម្បីឲ្យក្រុមការងារមានលទ្ធភាពក្នុងការស្ដារ អូរប្រឡាយទាំងអស់ក្នុងក្រុងព្រះសីហនុ ចាប់ពី ថ្ងៃជូនដំណឹងនេះតទៅ ។

ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់យ៉ាងច្បាស់ថា “ពេលនេះយើងគ្មានការស្ទាក់ស្ទើរទៀតទេត្រូវតែស្តារឡើងវិញជាចាំបាច់ស្របតាមនិងយាមការដែលបានកំណត់។យើងមិនអាចនៅចាំបក់ផ្សែងតទៅទៀតឡើយ ត្រូវតែដោះស្រាយបញ្ហាអូរ/ប្រឡាយនេះអោយបានដើម្បីកុំអោយជំនន់ទឹកភ្លៀងនៅលងបន្លាចក្រុងព្រះសីហនុ ដដែលដូចមុនទៀត។ចំពោះអ្នកដែលសង់លំនៅលើអូរឬចំណីអូរ/ប្រឡាយទាំងអស់ត្រូវរុះរើសំណង់របស់ខ្លួនចេញជាបន្ទាន់។”

ឯកឧត្តម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីមានការពាក់ព័ន្ធទាំងអស់សូមឲ្យមានការ យោគយល់អធ្យាស្រ័យ និងចូលរួមសហការជាមួយនឹងរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាក្រុមការងារបច្ចេកទេសរបស់ក្រសួង សាធារណការ និងដឹកជញ្ចូន ដើម្បីឲ្យការស្តារអូរ ប្រឡាយធម្មជាតិទាំង៥ ប្រព្រឹត្តិទៅដោយរលូន និងទទួលបានលទ្ធផលល្អ ប្រសើរតាមការគ្រោងទុក។ តាមរយៈការស្តារអូរឡើងវិញនាពេលនេះ បញ្ហាជំនន់ទឹកភ្លៀងដែលកន្លងមកតែងគំរាមកំហែងអ្នកភូមិនៅតំបន់ទំនាបនានានឹងត្រូវដោះស្រាយបានទាំងស្រុង៕ធ.ដ
ដោយ៖ សាវ៉ុន





