មន្ទីរពេទ្យតេជោសែនកោះធំតម្លៃប្រមាណ១០លានដុល្លារនឹងលេចរូបរាងឡើងនៅឆ្នាំក្រោយ
នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបុកគ្រឹះសាងសង់អគារមន្ទីរពេទ្យ តេជោ សែន កោះធំ នៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា មន្ទីរពេទ្យនេះ សាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជន ក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ ប្រមាណ ១០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យ គ្រោងចំណាយទឹកប្រាក់ប្រមាណ ៦លាន២សែនដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារសហរដ្ឋអាមេរិក ថែមទៀត ។
បន្ថែមពីលើនេះមន្ទីរពេទ្យនេះ ត្រូវប្រសិទ្ធនាមថា មន្ទីរពេទ្យតេជោ សែន កោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ។
សូមជម្រាបជូនថា គម្រោងសាងសង់អគារថ្មី នៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋ ។
គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន ៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង រួមមាន ៖
១- អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ។
២- អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ
៣- អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ ។
អគារទាំង ០៣ខាងលើ មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែ អ្នកជំងឺបានចំនួន ១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ បម្រើឱ្យការព្យាបាល គ្រោងចំណាយពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២ ៕








