សមត្ដកិច្ចជំនាញចុះឃាត់ គ្រឿងចក្រចំនួន 4គ្រឿង ដែលធ្វើសកម្មភាពលួចកាយ និងឈូសឆាយដីបឹងតម្រែកខុសច្បាប់ នៅក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ គ្រឿងចក្រចំនួន ៤គ្រឿង ត្រូវបានសមត្ថកិច្ចជលផលចាប់ឃាត់ទុកបន្ទាប់ពីមន្ត្រីជំនាញបានហាមឃាត់ចំនួន២ដងហើយ មិនស្ដាប់ និងនៅព្រឹកថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២២នេះ ពួកគេនៅតែផ្គើនធ្វើសកម្មភាពកកាយដីបឹងតម្រែក ជាបឹងលិចទឹកក្នុងដែននេសាទ ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដោយខុសច្បាប់បន្តទៀត ។

លោក លី ហុងស្រេង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ជាអ្នកដឹកនាំសមត្ថកិច្ចបង្ក្រាបករណីខាងលើនេះបានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជារ ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងដោយមានការកិច្ចសហការជាមួយមន្ត្រីទីចាត់ការអន្តរវិស័យសាលាខេត្តផងនោះ លោកក៏បានដឹកនាំសមត្ថកិច្ចផលផលចុះពិនិត្យនៅចំណុចបឹងតម្រែក ក្នុងភូមិដំបូកកកោះឃុំស្វាយជ្រុំ នៅព្រឹកថ្ងៃទី០៧ ខែមករា បានប្រទះឃើញ អេស្កាវាត់ទ័រ ៣គ្រឿង និង អាប៊ុល ១គ្រឿង កំពុងធ្វើសកម្មភាពជីកកកាយដី បឹងព្រៃលិចទឹកក្នុងដែននេសាទជាប់បឹងតម្រែក ដោយខុសច្បាប់ ដើម្បីយកអាចម៍ដីលក់ឲ្យក្រុមហ៊ុនពុះដីឡូតិ៍ ។ គ្រឿងចក្រទាំង ៤គ្រឿងនេះ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ទុក និង ត្រូវដឹកយកទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី ។

ទាក់ទងនឹងករណីខាងលើនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី០៧ ខែមករានេះបានឲ្យដឹងថា ករណីខាងលើនេះមន្ត្រីជំនាញ មានមន្ទីរធនធានទឹកខេត្ត និងលោកបានចុះទៅហាមឃាត់ដោយបានឱ្យធ្វើកិច្ចសន្យាក្នុងពេលថ្មីៗនេះ ឱ្យបញ្ឈប់ការជីកកកាយដីបឹងនេះចំនួន ២ដងរួចមកហើយ ប៉ុន្តែពួកគេនៅតែផ្គើនមិនព្រមស្ដាប់ ការហាមឃាត់របស់ជំនាញសោះ ។ ដូច្នេះនៅព្រឹកថ្ងៃទី០៧ ខែមករានេះ ក្រោយពីរាយការណ៍សុំយោបល់ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចឱ្យមន្ត្រីជំនាញចាប់ឃាត់គ្រឿងចក្រខាងលើនេះទុក ដើម្បីចាត់ការតាមច្បាប់ ។

លោកប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ឲ្យដឹងទៀតថា ក្រៅពីឃាត់គ្រឿងចក្រខាងលើនេះ លោកបានបញ្ជារឲ្យមន្ត្រីជំនាញហាមឃាត់គ្រឿងចក្រជីកកកាយ និងរថយន្តដឹកអាចម៍ដីជាបណ្ដោះអាសន្ន នៅក្នុងរណ្តៅដីបឹងឈូក ០១កន្លែង ក្នុងភូមិថ្នល់កន្សែងថែមទៀត ដើម្បីផ្ទៀងផ្ទាត់មើលអាជ្ញាប័ណ្ណ ព្រោះថា តាមការ ពិនិត្យជាក់ស្ដែងករណីជីកស្ដារបឹងឈូកខាងលើនេះ ជ្រៅពី៦ ទៅ ៨ម៉ែត្រ អាចខុសពីអាជ្ញាប័ណ្ណ ។ ករណីមានអាជ្ញាប័ណ្ណនេះពីខាងមន្ទីររ៉ែ និងថាមពលខេត្ត វាមិនគ្រប់គ្រាន់នោះទេ ព្រោដីបឹងវាស្ថិតនៅក្នុងការគ្រប់គ្រងរបស់មន្ទីរបរិស្ថាន មន្ទីរធនធានទឹក និងមន្ទីរកសិកម្មផងដែរ ដែលមន្ទីរទាំង៣នេះពុំបានដឹងនោះឡើយ ។

ករណីនេះ លោក លី ហុងសេ្រង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងឲ្យដឹងថា រឿងនេះម្ចាស់អាជ្ញាប័ណ្ណ បានណាត់ជាមួយសមត្ថកិច្ចជំនាញថានឹងបង្ហាញអាជ្ញាប័ណ្ណនៅវេលាម៉ោង១៥ ល្ងាច ថ្ងៃទី៧ ខែមករានេះ ហើយបើការជីកស្ដារបឹងឈូកនេះខុសអាជ្ញាប័ណ្ណពិតមែន នោះសមត្ថកិច្ចជំនាញ និងសុំគោលការណ៍ពីលោកប្រធានមន្ទីរកសិកម្មខេត្ត និងលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងដើម្បីសម្រេច ។

ទាក់ទងនឹងករណីដឹកជញ្ជូនអាចម៍ ដីលក់ខាងលើនេះដែរ លោក យី ភួន មេឃុំស្វាយជ្រុំ ធ្លាប់បានឲ្យអ្នក យកព័ត៌មានយើងដឹងថា ឡានដឹកដីខាងលើនេះបានធ្វើឲ្យផ្លូវលំក្នុងឃុំស្វាយជ្រុំ បានបាក់ស្រុតជាច្រើនកន្លែង ប្រជាពលរដ្ឋក្នុងមូលដ្ឋានពិបាកធ្វើដំណើរណាស់ និងគ្មានអ្នកណាទទួលខុសត្រូវជួសជុលផ្លូវសងវិញនោះឡើយ ។ ករណីនេះ លោកសំណូមពរដល់មន្ទីរជំនាញពាក់ព័ន្ធ និងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយដោះស្រាយករណីខូចខាតផ្លូវដោយសារក្រុមហ៊ុនដឹកដីលក់ខាងលើនេះផងចុះ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner