ឯកឧត្តម ងិន ឃន ប្រធានគ្រុមការងារគណៈពង្រឹងបក្សមូលដ្ឋានក្រុងបាត់ដំបង អំពាវនាវជម្រុញឲ្យក្រុមប្រឹក្សា ចៅសង្កាត់អណត្តិថ្មីខាងមុខ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ផ្លូវនៅក្នុងមូលដ្ឋានខ្លួនឲ្យប្រសើរថែមទៀត
ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារនៃគណៈពង្រឹងបក្សមូលដ្ឋាន ក្រុង-ខេត្តបាត់ដំបង និងជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង និង បើកការដ្ឋានជួសជុលកែលម្អផ្លូវជនបទ ក្រាលក្រួសក្រហម ចំនួន៤ខ្សែ ដែលមានប្រវែងប្រមាណជាង ៣គីឡូម៉ែត្រនៅក្នុងភូមិសាស្ត្រភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាដំបង នាព្រឹកថ្ងៃទី០៨ខែមករាឆ្នាំ២០២២នេះ។
ក្នុងពិធីបើកការដ្ឋានជួសជុលដើម្បីកែលម្អផ្លូវដីក្រាលក្រួសក្រហមចំនួន០៤ខ្សែខាងលើនេះ បានប្រព្រឹត្តទៅដោយមានវត្តមានចូលរួម ពីឯកឧត្តមអនុប្រធានក្រុមការងារចុះជួយក្រុង លោកអភិបាលក្រុងនិងក្រុមការងារបក្សចុះជួយសង្កាត់និងអស់លោក-លោកស្រី ជាប្រធាន និងសមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋ ដែលរស់នៅនិងអាស្រ័យផលនៅទីនោះជិត១០០គ្រួសារផងដែរ។
ឯកឧត្តម ងិន ឃន បានថ្លែងនូវការសាកសួរទុក្ខនិងបានពាំនាំការសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចក្រឡាហោម ស ខេង ដែលជានិច្ចជាកាលសម្តេចបានយកចិត្តទុកដាក់និងផ្សាភ្ជាប់នូវជីវភាពប្រចាំថ្ងៃរបស៎បងប្អូនគ្រប់ពេលវេលា តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារនៃគណៈពង្រឹងបក្សមូលដ្ឋានទាំងអស់ ក លងមកផងដែរ។
តាមរយៈការផ្តល់ផ្លូវក្រូសក្រហមចំនួន៤ខ្សែ និងមានប្រវែងប្រមាណជាង ៣គីឡូម៉ែត្រនៅទីនេះ គឺដើម្បីឆ្លើយតបពីតម្រូវការចាំបាច់របស់បងប្អូនដែលរស់នៅក្នុងមូលដ្ឋានមួយនេះនិងការធ្វើដំណើរចេញចូលទៅកាន់ទីផ្សារ និងតំបន់ផ្សេងៗ។ ជាពិសេស ដើម្បីធ្វើឲ្យទីជនបទកាន់តែខិតជិតនិងតភ្ជាប់ប្រទាក់ក្រឡារវាងទីក្រុងនិងជនបទ ដែលយើងកំពុងតែធ្វើការស្តារកែលម្អផ្លូវនៅទីនេះ ដោយសារតែផ្លូវនៅទីនេះទទួលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកស្ទឹងសង្កែកន្លងមកក្នុងរដូវវស្សា។ ថែមទាំងបានបង្កឲ្យផ្លូវលំដីក្រួសក្រហម ទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបង្កការលំបាកខ្លាំង ក្នុងការធ្វើដំណើររបស់អ្នកភូមិនៅជិតៗនេះ។ ហើយផ្លូវដែលកំពុងតែធ្វើការកែលម្អឲ្ប្រសើរឡើងវិញនេះ គឺជាការគិតគូរ និងជាអំណោយដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំគណបក្សខេត្ត ពីក្រុមការងារគណៈពង្រឹងបក្សមូលដ្ឋានក្រុងបាត់ដំបង ពីឥស្សរជនគណបក្សប្រជាជននិងសប្បុរសជនផងដែរ។
ឯកឧត្តម ងិន ឃន បានថ្លែងដាស់តឿននិងធ្វើការក្រើនរំលឺកដល់ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ទាំងក្នុងអណត្តិចាស់ និងអណត្តិថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គមដែលជាតម្រូវការនិងសេចក្តីត្រូវការចាំបាច់នៅក្នុងមូលដ្ឋានខ្លួនត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពធនធានដែលខ្លួនមាន និងការកៀងគរចូលរួមពីសប្បុរសជនដែលធូរធារឲ្យចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរួមចំណែកបរិច្ចាគចែករំលែកធនធានផ្ទាល់ខ្លួនដើម្បីចូលរួមក្នុងការជួយកសាងផ្លូវលំជនបទក្តី ផ្លូវចាក់បេតុងក្តីទៅតាមលទ្ធភាពជាក់ស្តែង ជាមួយនិងអាជ្ញាក្នុងមូលដ្ឋានខ្លួន។ ដោយត្រូវយកចិត្តទុកដាក់គិតគូរឲ្យបានម៉ត់ចត់ ធ្វើយ៉ាងណា កុំឲ្យទឹកដក់លិចផ្លូវ រកកន្លែងបញ្ចៀសមុខទឹកដើម្បីកុំឲ្យទឹកលិចផ្លូវ និងចៀសវាងពីការខូចខាតនៅក្នុងរដូវរស្សា ខាងមុខទៀត។
ឯកឧត្តមប្រធានក្រុមការងារនៃគណៈពង្រឹងបក្សមូលដ្ឋានក្រុង-ខេត្តបាត់ដំបង បានថ្លែងបន្តដោយសង្កត់ធ្ងន់បន្ថែមថា៖ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អណត្តិថ្មីនៅពេលខាងមុខនេះនិងឈានមកដល់ ដូចនេះសូមបងប្អូននាំគ្នាទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងបន្តបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបាននូវជោគជ័យដើម្បីឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីនៅថ្នាក់មូលដ្ឋាន បានបម្រើផលប្រយោជន៍រួម របស់បងប្អូនជាបន្តទៀត ជាពិសេសត្រូវបន្តថែរក្សានូវសុខសន្តិភាពឲ្យបានគង់វង់យូរអង្វែងដើម្បីធ្វើឲ្យមូលដ្ឋាននិងប្រទេសជាតិយើង កាន់តែរឹងមាំ រីកចម្រើននិងមានការអភិវឌ្ឍន៍កាន់តែខ្លាំងក្លា បន្ថែមទៀត។
ជាមួយគ្នានេះឯកឧត្តមក៏បានអំពាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-19 (ដូសទី១) ត្រូវនាំគ្នាទៅចាក់ឲ្យបានគ្រប់ៗគ្នានិងអ្នកដែលបានចាក់ដូសទី១និងដូសទី២រួចហើយ ក៏ត្រូវបន្តចាក់ដូសទី៣(ដូសជម្រុញ)ជាបន្តទៀតកុំឲ្យខកខាននៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះខ្លួន។ ឯកឧត្តម ងិន ឃន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងក្រុង-ខេត្តបាត់ដំបងត្រូវបន្តរស់នៅតាមបែបគន្លងថ្មីនៃបរិបទកូវីដ-19 ដែលមិនទាន់បានបញ្ចប់ ត្រូវរស់នៅដោយត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់ក្នុងការអនុវត្តនូវ ៣. ការពារ និង៣.កុំ ឲ្យបានដាច់ខាត។ក្នុងនោះផងដែរ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាកំដរដៃ ជូនដល់បងប្អូនប្រជាពលរដ្ឋចូលរួមក្នុងពិធី និងក្មួយៗចៅៗ មួយចំនួនទៀតផង៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )


























