ក្រុមអាជីវករ បានយកផ្លូវ និងចិញ្ចើមផ្លូវមុនីរ៉េត ដាក់តាំងលក់ទំនិញប្រើប្រាស់ និងម្ហូបអារហា យ៉ាងអនាធិបតេយ្យ បង្កជាការកកស្ទះចរាចរណ៍
ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត បានសម្តែងការមិនពេញចិត្តចំពោះ ក្រុមអាជីវករមួយចំនួនតូច ដែលបានយកផ្លូវ និងចិញ្ចើមផ្លូវដាក់តាំងលក់ទំនិញដូចជាត្រី សាច់ បន្លែ ផ្លែឈើ មិនមានរបៀបរៀបរយយ៉ាងអនាធិបតេយ្យ បង្កឱ្យមានការកកស្ទះចរាចរណ៍ជារៀលរាល់ថ្ងៃ ជាពិសេសនៅចំណុចផ្សារក្រមួនក្បែរស្តុបស្ពានដែកចំការដូង ដែលស្ថិតក្នុងខណ្ឌមានជ័យ នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដែលជាផ្សារក្រមួន ជាប់កែងស្តុបស្ពានដែកចំការដូង មិនដែលឃើញអាជ្ញាធរពាក់ព័ន្ធមានវិធានការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទេ។
ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវមុនីរ៉េត បានរអ៊ូរទាំថា ដោយសារក្រុមអាជីករមួយចំនួន បានប្រើប្រាស់ផ្លូវស្ទើរតែមួយចំហៀង ដើម្បីដាក់តាំងលក់ទំនិញផ្សេងៗ បង្កឱ្យចំណុចខាងលើនេះ មានការកកស្ទះចរាចរណ៍ខ្លាំង ជាពិសេសនៅក្បែរភ្លើងស្តុបផ្លូវបំបែកជាបួន ដែលជាចំណុចប្រសព្វ និងមមាញឹកទៅដោយរថយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ មិនថារថយន្តដឹកទំនិញធំៗ និងរថយន្តគ្រួសារ ព្រមទាំងអ្នកដំណើរតាមម៉ូតូផងដែរ។
អ្នកធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក៏បានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ ធ្វើការចុះពិនិត្យតាមបណ្តោយផ្លូវមុនីរ៉េតនេះផង ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍។ ហើយប្រជាពលរដ្ឋ បានលើកឡើងថា ក្រៅពីការដាក់តាំងលក់គ្មានសណ្តាប់ធ្នាប់ មិនមានរបៀបរៀបរយយ៉ាងអនាធិបតេយ្យបែបនេះ ក៏មានអ្នកយកម៉ូតូ រឺម៉ក មកចតចោលបន្ថែមទៀតយ៉ាងអនាធិបតេយ្យ ធ្វើឱ្យផ្លូវសម្រាប់ធ្វើដំណើរកាន់តែរួមតូចចង្អៀតពិបាកធ្វើដំណើរយ៉ាងខ្លាំង។
ពាក់ព័ន្ធនឹងបញ្ហានេះ អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុន្នី មិនអាចទំនាក់ទំនង ដើម្បីឆ្លើយតបទៅកាន់ប្រជាពលរដ្ឋ បាននៅឡើយទេ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ខណៈដែលប្រជាពលរដ្ឋ ទទូចចង់ឱ្យអាជ្ញាធរមានវិធានការ ចំពោះក្រុមអាជីវករ ដែលបានប្រើប្រាស់ផ្លូវដាក់តាំងលក់ទំនិញគ្រប់ប្រភេទ បង្កជាការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃបែបនេះ៕ ដោយ៖ ឆៃហួត






