រថយន្តព្រូសបុករះម៉ូតូពីរគ្រឿងរថយន្តមួយគ្រឿង និងម៉ូតូកង់បីមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត តូយូតាព្រូស មួយគ្រឿងជ្រុលទៅបុករះម៉ូតូ ពីរគ្រឿង រថយន្តមួយគ្រឿង និងម៉ូតូកង់បីមួយគ្រឿងទៀតខណៈកំពុងឈប់ស្តុប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបុរសម្នាក់រងរបួសស្រាល។    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ មិង៤០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបដេកាសេរ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿង និងរថយន្តម៉ាកស៊ីអរវីមួយគ្រឿង រួមនឹងម៉ូតូពីរ គ្រឿងទៀតមួយគ្រឿងម៉ាកស៊ុយស៊ូគីនិច និងមួយគ្រឿងទៀតម៉ាកឌ្រីមសង់ បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានឈប់ស្តុបជាភ្លើងក្រហមដើម្បីរងចាំភ្លើងខៀវបន្តដំណើរទៅមុខទៀត ស្រាប់តែមានរថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខកោះកុង2A-1084 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកមកពីក្រោយបុករះពេញទំហឹងបណ្ដាលឲ្យម៉ូតូ ពីរគ្រឿងរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យបុរសម្នាក់រងរបួស ចំណែករថយន្តម៉ាកស៊ីអរវីខូចខាតខាងក្រោយកាងឆ្វេង។រីឯម៉ូតូកង់បីរងការខូចខាតបន្តិចបន្តួចម្ចាស់មិនចង់មានរឿងវែងឆ្ងាយបានឡើងបើកបន្តដំណើរទៅមុខទៀតបាត់។ ចំណែកម្ចាស់រថយន្តបង្កត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនទុកប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត​និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner